ភ្នំពេញ៖ លោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន បានអញ្ជើញ សម្ដេចតេជោ ហ៊ុន សែន ទៅធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសប៉ាគីស្ថាន និងស្នេីពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
ថ្លែងក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ លោក Zardari បានគោរពសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលកម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យ ។
លោក Zardari បានសង្កេតឃើញថា ប្រទេសកម្ពុជា មានសក្ដានុពល ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
លោក ក៏បានគោរពជម្រាបជូន សម្ដេចតេជោថា លោកនឹងពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ ដែលអាចធ្វើទៅបាន ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណ ដល់លោក Zardari ដែលបានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។
សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះ គឺចំពេលដែលមានការចម្រុងចម្រាស់ ខ្លាំងដូចជា៖ ករណីនៅប្រទេសមីយ៉ាន់ម៉ា ករណីសមុទ្រចិនខាងត្បូង ករណីសង្គ្រាមនៅអ៊ុយក្រែនជាដើម តែទោះជាយ៉ាងណាក៏ដោយ យើងបានរួមគ្នាធ្វើការរហូត ទទួលបានជោគជ័យ។
សម្ដេចតេជោ បានទទួលយកនូវ ការអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសប៉ាគីស្ថាន ហើយក៏បានទទួលឆ្លើយតបជាវិជ្ជមាន ចំពោះការស្នើសុំឱ្យពិចារណា បើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាមម៉ាបាដ។
ជាការឆ្លើយតបទៅនឹង សក្ដានុពលនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ សម្តេចតេជោ បានលើកទឹកចិត្តឲ្យលោក Zardari ជំរុញ និងលើកទឹកចិត្តវិនិយោគិន ប៉ាគីស្ថាន ឱ្យមកកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យដែលអាចធ្វើទៅបានជាពិសេស លើវិស័យដែលលោកបានលើកឡើង នោះគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ៕