ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងរង់ចាំជំនួយរបស់អាល្លឺម៉ង់ ក្នុងការទទួលបាន ៨ពាន់លានអឺរ៉ូពីអឺរ៉ុប

គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងសង្ឃឹម សម្រាប់ជំនួយរបស់អាល្លឺម៉ង់ ក្នុងការទទួលបានជំនួយចំនួន ៨ ពាន់លានអឺរ៉ូ (ប្រហែល ៨,១៧ពាន់លានដុល្លារអាមេរិក) ជាជំនួយពីសហភាពអឺរ៉ុប។

លោក Shmyhal បានសរសេរនៅលើ Facebook បន្ទាប់ពីកិច្ចពិភាក្សាតាមអ៊ីនធឺណិត ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Christian Lindner ថា “អាល្លឺម៉ង់នឹងជួយអ៊ុយក្រែន យ៉ាងឆាប់រហ័ស ទទួលបានជំនួយម៉ាក្រូហិរញ្ញវត្ថុ ៨ពាន់លានអឺរ៉ូបន្ទាប់ពីអឺរ៉ុប ហើយនឹងនាំមុខក្នុងដំណើរការនេះ” ។

លោក Shmyhal បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន មក អាល្លឺម៉ង់បានផ្តល់ជំនួយផ្នែក ហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ទីក្រុងគៀវ ដោយមិនបានផ្តល់តួលេខ ជាក់លាក់នោះទេ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានបន្ថែមថា ទីក្រុងគៀវ ក៏កំពុងពឹងផ្អែកលើការគាំទ្ររបស់អាល្លឺម៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្យារពេលការទូទាត់ បំណុលបរទេសរបស់អ៊ុយក្រែន និងចាប់ផ្តើមកម្មវិធី កិច្ចសហប្រតិបត្តិការថ្មីជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា គណៈកម្មការអឺរ៉ុប បានប្រកាសពីគម្រោងផ្តល់ប្រាក់កម្ចីដល់ទៅ ៩ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុម៉ាក្រូពិសេស (MFA) ថ្មី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top