ព័ត៌មានជាតិ

សម្ដេច ស ខេង ប្ដេជ្ញាកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិវគ្គបឋម ទៅសិក្សានៅក្រៅប្រទេស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តកាត់បន្ថយបញ្ជូនមន្រ្តីនគរបាលជាតិវគ្គបឋម ទៅសិក្សានៅក្រៅប្រទេស ព្រោះក្រសួង ធ្វើកំណែទម្រង់ លើកកម្ពស់គុណភាពកងកម្លាំងនគរបាលជាតិ ជាបន្តបន្ទាប់។

នាឱកាសអនុញ្ញាតឱ្យនាយនគរបាលចំនួន ៦០រូប ត្រៀមចេញទៅសិក្សាវគ្គបំប៉ន នៅវៀតណាម ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា កងកម្លាំងនគរបាលជាតិ ជាកម្លាំងអនុវត្តច្បាប់ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយពង្រឹងដល់សន្តិភាពប្រទេសជាតិ ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្ដីសុខ។ សម្ដេច បន្តថា នគរបាលជាតិពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តបេសកកម្មដូចបានបញ្ជាក់លើខាងលើ។

សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់ដើម្បីលើកកម្ពស់គុណភាពកងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់ ក្នុងន័យដើម្បីធានាដល់ការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្រ្តីនគរបាលជាតិ ក្នុងនោះការសក្សារៀនសូត្រនេះ គឺជាគន្លឹះដ៏សំខាន់មួយនៅក្នុងការងារកំណែទម្រង់នគរបាលជាតិ ទាំងការសិក្សារៀនសូត្រក្នុងប្រទេស និងក្រៅប្រទេស។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនគរបាលជាតិនេះដែរ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា កន្លងមកភាគច្រើននៃកម្លាំងនគរបាលដែលបានបញ្ជូនទៅរៀនសូត្រនៅក្រៅប្រទេសនោះ គឺបានបញ្ជូនទៅរៀននៅប្រទេសវៀតណាម។ សម្ដេច បន្តថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា គឺភាគីវៀតណាមបានរួមចំណែកច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកងកម្លាំងនគរបាលជាតិ។

សម្ដេច បញ្ជាក់ថា «ប្ដេជ្ញាចិត្ត និងឈានទៅអនុវត្តបានកាន់តែច្រើន ហើយនូវការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិវគ្គបឋមទៅសិក្សានៅក្រៅប្រទេស ហើយថា ប្ដេជ្ញាចិត្តខ្ពស់អនុវត្តការងារនេះឱ្យបាន ១០០ភាគរយ»។

ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានគូសបញ្ជាក់អំពីការងារកំណែទម្រង់ប៉ុស្តិ៍នគរបាលជាតិផងដែរ។ សម្ដេច បន្តថា តាមរយៈការងារកំណែទម្រង់ប៉ុស្តិ៍នគរបាលនេះ សម្ដេចបានចាត់តាំងឱ្យរដ្ឋលេខាធិការទទួលបន្ទុក និងអគ្គនាយកដ្ឋានបុគ្គលិក បន្តពិនិត្យនិងរៀបចំរំលែកក្របខ័ណ្ឌពីការិយាល័យឬនាយកដ្ឋាននានាដែលមានមន្រ្តីលើសពីតម្រូវការចាំបាច់ ដើម្បីចែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលដែលជាទូទៅសម្ដេចសង្កេតឃើញថាពិតជាមានការខ្វះខាតធនធានមនុស្សគ្រប់ឃុំ សង្កាត់តែម្ដង៕

To Top