ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន និងប្រមុខយូអិន បើកកិច្ចប្រជុំ ស្តីពីការនាំចេញគ្រាប់ ធញ្ញជាតិ ស្ថានភាពនៅរោងចក្រ នុយក្លេអ៊ែរ Zaporizhzhia

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការនាំចេញ គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន និងស្ថានភាពនៅរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) ។

នៅក្នុងកិច្ចប្រជុំនៅទីក្រុង Lviv ភាគខាងលិចនៃប្រទេស អ៊ុយក្រែន លោក Zelensky បានសាទរចំពោះតួនាទីវិជ្ជមាន របស់អង្គការសហប្រជាជាតិ ក្នុងការបន្តការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន និងបានសង្កត់ធ្ងន់លើការត្រៀមខ្លួន របស់ទីក្រុងគៀវ ក្នុងការធានាសន្តិសុខស្បៀងជាសកល។

លោក Zelensky និងលោក Guterres បានយល់ព្រមបន្តការសម្របសម្រួល លើការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនចំនួននាវានាំចេញគ្រឿង ឧបភោគបរិភោគពីអ៊ុយក្រែន ។

ភាគីនានាក៏បានឲ្យដឹងអំពីតួនាទី របស់អង្គការសហប្រជាជាតិ ក្នុងការធានាសន្តិសុខនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia NPP និងបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការគ្មានវត្ដមានយោធា នៅទីតាំងរោងចក្រនេះ។

ប្រធានបទមួយទៀត នៃការពិភាក្សា គឺការដោះលែង បុគ្គលិក យោធា និងពេទ្យ របស់អ៊ុយក្រែន ដែលត្រូវបានចាប់ ជាឈ្លើយសឹក អំឡុងពេលជម្លោះ រុស្ស៊ី – អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា លោក Guterres បានមកដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ។ ក្រោយមកនៅថ្ងៃព្រហស្បតិ៍លោក Zelensky និងលោក Guterres គ្រោងនឹងជួបប្រជុំត្រីភាគី ជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan៕

ប្រែសម្រួល ឈូក បូរ៉ា

To Top