គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីលោកខាងលិច បានប្រាប់ដល់ អ្នកកាសែតថា ការវាយប្រហាររបស់អ៊ុយក្រែន លើឧបទ្វីបគ្រីមៀ កំពុងមានផលប៉ះពាល់ផ្លូវចិត្ត និងប្រតិបត្តិការយ៉ាងសំខាន់ លើកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ។
ពួកគេបានលើកឡើងថា ការផ្ទុះនៅមូលដ្ឋានទ័ពអាកាស Saki កាលពីថ្ងៃទី៩ ខែសីហា និងការវាយលុកផ្សេងទៀត បានធ្វើឱ្យយន្តហោះកងទ័ពជើងទឹក របស់កងនាវាសមុទ្រខ្មៅជាងពាក់កណ្តាល លែងមានសកម្មភាព ។
កងនាវាមានប្រវត្តិជាទីគោរព ប៉ុន្តែវាបានទទួលរងនូវភាពអាម៉ាស់ ជាបន្តបន្ទាប់ចាប់តាំងពីការឈ្លានពាន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ។
ក្រុមមន្ត្រីបានលើកឡើងថា ភាពលំបាកនេះបានបង្ខំ ឱ្យវាប្រកាន់យកឥរិយាបថការពារ ។
គួរបញ្ជាក់ថា កាលពីខែមេសា នាវាចម្បាំង Moskva ត្រូវបានពន្លិចដោយអ៊ុយក្រែន ។ នាវាចម្បាំងបំពាក់មីស៊ីល ដែលមាននាវិក៥១០នាក់ បានដឹកនាំការវាយលុករបស់កង ទ័ពជើងទឹករបស់រុស្ស៊ីលើអ៊ុយក្រែនហើយការលិច របស់វា គឺជាការវាយលុកជានិមិត្តរូប និងយោធាដ៏សំខាន់ ។
នៅពេលនោះ ក្រសួងការពារជាតិ រុស្ស៊ីបានឲ្យដឹងថា គ្រាប់រំសេវនៅលើនាវា Moskva បានផ្ទុះនៅក្នុងភ្លើងដែលមិនអាចពន្យល់បាន ហើយកប៉ាល់បានក្រឡាប់ពេល កំពុងត្រូវបានអូសត្រឡប់ទៅកំពង់ផែវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា