ព័ត៌មានជាតិ

ទូតអង់គ្លេស មានសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបាន ការអភិវឌ្ឍ ប្រកបដោយ ចីរភាព

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី ធីណា រ៉េដស “Tina Redshaw” ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា បន្ទាប់ពីការបំពេញ បេសកកម្មការទូតនៅកម្ពុជា រយៈពេលប្រមាណជា ៤ឆ្នាំកន្លងមកនេះ លោកស្រីមានសុទិដ្ឋិនិយមថា កម្ពុជា នឹងទទួលបានការអភិវឌ្ឍ ប្រកបដោយ ចីរភាព។

នៅក្នុងជំនួបនេះ លោកស្រី បានថ្លែងអំណរគុណសម្តេចតេជោ មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ធ្វើឱ្យបេសកកម្មការទូត របស់លោកស្រី ទទួលបាននូវលទ្ធផលល្អប្រសើរ។

លោកស្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អនេះ បានធ្វើឱ្យលោកស្រី សម្រេចនូវការងារជាច្រើន ក្នុងការរួមចំណែក លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យ មួយចំនួនដូចជា អប់រំ បរិស្ថាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងដោះមីនជាដើម។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកស្រី ធីណា រ៉េដស ដែលបានប្រឹងប្រែងបំពេញបេសកកម្ម ការទូតអស់ពីកម្លាំងកាយចិត្ត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអង់គ្លេស។

សម្តេចតេជោ បានឆ្លៀតថ្លែងអំណរគុណផងដែរ ដល់រដ្ឋាភិបាល និងចក្រភពអង់គ្លេស ដែលតែងតែផ្តល់ជំនួយជួយកម្ពុជា ចូលរួមចំណែកក្នុងការរកសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ បានជូនពរឱ្យលោកស្រី ធីណា រ៉េដស ទទួលបានជោគជ័យក្នុងបេសកកម្ម ដទៃទៀតរបស់លោកស្រី ក្រោយចាកចេញពីកម្ពុជា។

សូមបញ្ជាក់ថា លោកស្រី ធីណា រ៉េដស បានចូលមកបំពេញការងារនៅកម្ពុជាកាលពីឆ្នាំ២០១៨។ ក្នុងអាណត្តិការងាររយៈពេលប្រមាណ ៤ឆ្នាំនេះ លោកស្រីបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស។

លោកស្រី បានពិនិត្យ និងជំរុញនូវកម្មវិធីអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា៕

To Top