ព័ត៌មានជាតិ

ឆ្នាំ២០២៣ សម្ដេចតេជោ នឹងតំឡើងបៀវត្ស ដល់មន្ដ្រីរាជការ និងអ្នកចូលនិវត្តន៍

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅឆ្នាំ២០២៣ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអ្នកចូលនិវត្តន៍ នឹងទទួលបានការតំឡើងប្រាក់បៀវត្ស។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ លោកគ្រូ-អ្នកគ្រូ និងមន្ដ្រីរាជការទាំងអស់ មិនត្រូវបានតំឡើងប្រាក់បៀវត្សឡើយ ដោយសារកម្ពុជា ត្រូវខិតខំសន្សំប្រាក់ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ ដែលជាឆ្នាំបន្ទាប់ពីកូវីដរាងធូរស្បើយនោះ សម្ដេចថា «នៅឆ្នាំ២០២៣នេះ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជា និវត្តន៍ជន អ្នកចូលនិវត្តន៍ ឬគ្រប់មនុស្ស ឬតួអង្គដែលធ្វើការឲ្យរដ្ឋ សុទ្ធត្រូវតែទទួលបានតំឡើងបៀវត្ស»។

ជាមួយគ្នានេះ សម្ដេចបន្ថែមថា គ្រូពេទ្យ និងគ្រូបង្រៀន មានប្រាក់បៀវត្ស ច្រើនជាងមន្ដ្រីរាជការហើយ ដូច្នេះកុំមានភាពច្រណែន។ សម្ដេចថា គ្រូបង្រៀន មិនអាចធ្វើអ្នកមានបានឡើយ ប៉ុន្ដែបង្រៀនឲ្យកូនសិស្សធ្វើជាអ្នកមានបាន៕

To Top