រុស្ស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ថា នាយកប្រតិបត្តិ នៃទីភ្នាក់ងារអវកាស រុស្ស៊ី បានលើកឡើងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិកក្នុងការចែករំលែកការហោះហើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ លើសពីឆ្នាំ២០២៤ ប្រសិនបើការហោះហើរ ៣លើកដំបូង ទទួលបានជោគជ័យ ។
ទីភ្នាក់ងារអង្គការ NASA និងទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែកក្កដា ដែលអនុញ្ញាតឱ្យអវកាសយានិករុស្ស៊ីហោះហើរលើយានអវកាសដែលផលិតដោយសហរដ្ឋអាមេរិក ជាថ្នូរនឹងអវកាសយានិកអាមេរិកអាចជិះលើយានអវកាស Soyuz របស់រុស្ស៊ីបាន ។
ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានរាយការណ៍នៅពេលនោះថា កិច្ចព្រមព្រៀងនេះបានប៉ាន់ស្មានការហោះហើរចំនួន៦សរុបនៅចន្លោះឆ្នាំ២០២២ និង២០២៤ ដោយប្រទេសនីមួយៗទទួលបានជើងហោះហើរចំនួន៣លើយានអវកាសរបស់គ្នាទៅវិញទៅមក ។
លោក Sergei Krikalev នាយកប្រតិបត្តិក្រុមហ៊ុន Roscosmos បានលើកឡើងថា “កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាសម្រាប់ជើងហោះហើរ៣ដំបូង” ។
“ប្រសិនបើការអនុវត្តកិច្ចព្រមព្រៀងនេះនឹងមានភាពវិជ្ជមាន នោះយើងប្រាកដជានឹងបន្តវា” ។
កិច្ចព្រមព្រៀងនេះគឺជាឧទាហរណ៍មិនធម្មតាមួយរបស់ទីក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន នៅតែសហការគ្នានៅគ្រាដែលទំនាក់ទំនងស្ថិតក្នុងកម្រិតទាបក្រោយសង្គ្រាមត្រជាក់ ដោយសារតែភាពតានតឹងលើអ្វីដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅអ៊ុយក្រែន ជម្លោះដែលលោកខាងលិចហៅថា ជាសង្គ្រាមដែលមិនបង្កហេតុ និងការឈ្លានពាន ។
រុស្ស៊ីបានដាក់មន្ទិលសង្ស័យជុំវិញកិច្ចសហប្រតិបត្តិការអវកាសក្នុងវិស័យផ្សេងៗ ហើយបានលើកឡើងពីការដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិក្រោយឆ្នាំ២០២៤ ដើម្បីអភិវឌ្ឍស្ថានីយគន្លងរបស់ខ្លួន ។ រហូតមកដល់ពេលនេះ រុស្ស៊ីបានផ្ញើសារចម្រុះ ដោយបង្ហាញថា កាលបរិច្ឆេទនោះអាចពេលខ្លីជាងនេះទៅទៀត៕
ដោយ៖ ម៉ៅ បុប្ផាមករា