ភ្នំពេញ៖ បន្ថែមពីលើទំនាក់ទំនង ដែលមានជាមួយគ្នាស្រាប់ហើយនោះ នៅព្រឹកនេះ ក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងមានតំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ ភាគីទាំង២ បានឯកភាពយល់ព្រម ជាមួយបន្តទៀត លើការពង្រឹងទំនាក់ទំនង ឲ្យកាន់តែស៊ីជម្រៅថែមទៀត ។
ក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា ដឹកនាំដោយសម្តេចតេជោ អមដោយមន្រ្តីពាក់ព័ន្ធ ជាមួយសមភាគីអាមេរិក នៅព្រឹកថ្ងៃ២៩ សីហានេះ លោកស្រី អេលីហ្សាបេត វេន ដាញ បានលើកឡើងថា គោលបំណងមកកម្ពុជានេះ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែខ្លាំងឡើង តាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ជាមួយគ្នានេះ លោកស្រីក៏បានកោតសរសើរសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេច នាំជូនប្រជាពលរដ្ឋកម្ពុជា នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។
ជាការឆ្លើយតប សម្ដេចតេជោ បានលើកពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិ នៃទំនាក់ទំនងរវាងកម្ពុជា ជាមួយអាមេរិកផងដែរ ។
ដោយសម្ដេចតេជោ បានឯកភាពជាមួយលោកស្រីថា “យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាន នាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង”។
ថ្មីៗនេះ កម្ពុជា-អាមេរិក ត្រូវបានគេមើលឃើញថា ទំនាក់ទំនងហាក់មិនសូវមាន ដោយសារតែករណីកំពង់ផែរាម ជាដើមចម ។ សូមបញ្ជាក់ថា កន្លងទៅសារព័ត៌មានមួយចំនួន របស់សហអាមេរិក តែងតែបន្តវាយប្រហារថា កម្ពុជាបានអនុញ្ញាតឲ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈកម្ពុជា បានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល របស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេស ដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ៕