សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Lee Jong Sup បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនទាន់បង្ហាញសញ្ញាណាមួយថា ខ្លួននឹងធ្វើតេស្ដនុយក្លេអ៊ែរ ក្នុងពេលដ៏ខ្លីខាងមុខនេះទេ ប៉ុន្តែប្រទេសនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរៀបចំ ការធ្វើតេស្ដទី៧ របស់ខ្លួន។
លោករដ្ឋមន្ត្រីក៏បានលើកឡើង នៅក្នុងសម័យប្រជុំសភាថា ទីក្រុងព្យុងយ៉ាង បានបន្តរៀបចំ សម្រាប់ការបាញ់បង្ហោះមីស៊ីលផ្លោង អន្តរទ្វីប និងរយៈចម្ងាយខ្លីប្រភេទថ្មី ដែលនឹងបង្កការគំរាមកំហែង សន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការកត់សម្គាល់របស់លោក Lee បានកើតឡើងចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងលើការបង្កហេតុ ដែលអាចកើតមានដោយកូរ៉េខាងជើង ប្រឆាំងនឹងសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលធ្វើឡើង ចាប់ពីថ្ងៃទី២២ ខែសីហា។
ក្នុងនាមជាប្រតិកម្ម ផ្ទុយគ្នា ជាក់ស្តែងប្រឆាំងនឹងសមយុទ្ធ របស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល ឆ្លងទ្វីប ចំនួនពីរកាលពីថ្ងៃទី១៧ ខែសីហា។ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែស្ថិតក្នុងស្ថានភាព នៃសង្រ្គាម ខណៈដែលសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ក្នុងបទឈប់បាញ់ មិនមែនសន្ធិសញ្ញា សន្តិភាព។
លោក Lee បានបន្ដថា ប្រទេសកូរ៉េខាងជើង បាននឹងកំពុងពង្រឹង ការឃ្លាំមើលរបស់ខ្លួន លើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈពេលដែលពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃមេរោគឆ្លងថ្មី និងការស្ដារឡើងវិញនូវកន្លែង ដែលត្រូវបានវាយប្រហារ ដោយភ្លៀងធ្លាក់ខ្លាំង នាពេលថ្មីៗនេះ។
កាលពីដើមខែនេះ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានស្នើ “គំនិតផ្តួចផ្តើមដ៏ក្លាហាន” រួមទាំងជំនួយសេដ្ឋកិច្ច អាចត្រូវបានផ្តល់ឱ្យកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ ចាត់វិធានការជាក់ស្តែងឆ្ពោះទៅរក ការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែការផ្តល់ជូននេះត្រូវ បានច្រានចោល ដោយទីក្រុងព្យុងយ៉ាង៕
ប្រែសម្រួល ឈូក បូរ៉ា