ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា សកម្មភាពទាំងឡាយណា បង្កភាពវឹកវរក្នុងសង្គម ជាអំពើល្មើសច្បាប់ ខណៈសមត្ថកិច្ចមានសិទ្ធិក្នុងការបង្ការ និងទប់ស្កាត់។
ការលេីកឡេីងរបស់ អ្នកនាំពាក្យបែបនេះ បន្ទាប់ពី លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានរៀបចំការប្រមូលផ្ដុំ មនុស្សរាប់ម៉ឺននាក់ នៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក គឹម សន្ដិភាព នាថ្ងៃទី៣០ សីហា នេះ បានសរសេរថា “សកម្មភាពទាំងឡាយណា ដែលនឹងបង្កភាពវឹកវរក្នុងសង្គម ជាអំពើល្មើសច្បាប់! សមត្ថកិច្ចមានសិទ្ធិអំណាចក្នុងការបង្ការ និងទប់ស្កាត់អំពើល្មើសទាំងនេះ!”។
សូមរំលឹកថា អាជ្ញាធរខេត្តសៀមរាប បានសេចក្តីជូនដំណឹងថា នឹងមិនអនុញ្ញាតឱ្យពន្យារពេលនៃការជួបជុំនៅចម្ការរបស់លោក ខឹម វាសនា ទៀតឡើយ ពោលគឺត្រូវតែរំសាយការជួបជុំនេះត្រឹមម៉ោង ២៤៖០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ជាដាច់ខាតផងដែរ៕