ភ្នំពេញ: បុរសជា ពិរុទ្ធជនម្នាក់ កាលពីព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ ត្រូវបាន តុលាការកំពូល ធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់គាត់ ជាប់ពាក់ព័ន្ធការកាប់សម្លាប់ ស្រ្តីម៉េម៉ាយ ម្នាក់មាន កូន២នាក់ ដោយកាប់នឹងកាំបិតប័ុងតោ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ដោយសារតែ ខឹងនឹងនាង បានបដិសេធ នូវ ការតាមស្រលាញ់ របស់ខ្លួន និង បានជេរប្រមាថខ្លួន ជាញឹកញាប់ នៅចំពោះ មុខ មហាជន ប្រព្រឹត្ត នៅភូមិពោធិ័, ឃុំស្លា, ស្រុកសំរោង ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ខែ តុលា ឆ្នាំ ២០១៩។
លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ សែម ហាក់ឡី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរមុនឃាត់ខ្លួន ជាជាងកាត់សក់ មានទីលំនៅ ភូមិពោធិ៍, ឃុំស្លា, ស្រុកសំរោង, ខេត្តតាកែវ។
ចំណែកឯ ជនរងគ្រោះមានឈ្មោះហឿន សុខុន ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជាស្រីមេម៉ាយកូនពីរ មានមុខរបរ លក់ចាប់ហ៊ួយ មានទីលំនៅ នៅក្នុងភូមិ-ឃុំ-ស្រុក និង ខេត្តជាមួយនឹងជនជាប់ចោទ។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ហាក់ឡី ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ និង បង្គាប់អោយសងសំណងជម្ងឺចិត្ត ចំនួន ២០លានរៀល ទៅ គ្រួសារជនរងគ្រោះ ជាភាគីដើមបណ្ដឹង ។
ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ« ឃាតកម្មគិតទុកមុន » តាមបញ្ញត្តិមាត្រា២០០ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩។
តុលាការកំពូលនឹងប្រកាសដីកា សំណុំរឿង ឧក្រិដ្ឋ នេះ នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខ នេះ ៕
ដោយ: លីហ្សា