ភ្នំពេញ៖ លោកបណ្ឌិត ប៉ែន ផលពិសិដ្ឋ បានរំលេចនិងចែករំលែកនូវការយល់ឃើញរបស់ផងខ្លួន ជុំវិញសុភាសិតខ្មែរមួយ ក្នុងចំណោមសុភាសិតខ្មែរច្រើនទៀត ផ្សេងទៀត ដែលសុភាសិតនោះ លើកឡើងថា “ចង់ចេះត្រូវរៀន ចង់មានត្រូវរក”។
តើអ្នកការបកស្រាយរបស់ លោកបណ្ឌិត បែបណានោះ សូមស្វែងយល់ទាំងអស់គ្នា!
សុភាសិតខ្មែរពោលថា “ចង់ចេះត្រូវរៀន ចង់មានត្រូវរក” ប៉ុន្តែមានសំណួរជាច្រើនសួរថា ខំរកហើយវានៅតែមិនមាន ខំរៀនហើយវានៅតែមិនចេះ តើមូលហេតុអ្វី?
តាមគំនិតយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ ពាក្យថា”រៀន” និងពាក្យថា”រក” គឺវាសុទ្ធតែផ្តើមចេញពីអក្សរ “រ” ដែលបានបង្កើតនូវពាក្យ “រោគ” ពាក្យ “រឿង” និងពាក្យ “រត់” ….។ល។ ហិហិហិ បើគ្រាន់តែនិយាយ គឺវាស្រួលណាស់ គ្រាន់តែគ្រលាស់អណ្តាតតែមួយជុំ គឺជាការស្រេច ប៉ុន្តែងាកទៅមើលអ្នករៀនវិញ រៀនមួយជីវិត ក៏នៅតែចេះមិនអស់ដែរ រីឯអ្នករកក៏ដូចគ្នា ខំរកមួយជីវិត ក៏នៅតែមិនស្កប់ ខំរកណាស់ តែនៅតែមិនមាន អ្នករកមានច្រើនណាស់ តែអ្នកដែលអាចមានបានវិញ គឺតិចបំផុត។
ដូច្នេះ អ្វីដែលយើងត្រូវរៀន គឺរៀនឲ្យចំគោលដៅ ដែលជាប្រយោជន៍ពិតរបស់យើង គឺរៀនទៅតាមសមត្ថភាពខួរក្បាល តាមលទ្ធភាពដែលយើងមាន យើងមិនចេះតែចង់រៀនឱ្យចប់បណ្ឌិត ឬ ជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញណាមួយបានឡើយ ប្រសិនបើសមត្ថភាពខួរក្បាល លទ្ធភាព និងឱកាសយើងមានមិនគ្រប់គ្រាន់ទេនោះ។
“វាពិតជាគ្មានសាលាណារៀនធ្វើជាសេដ្ឋី ហើយកូនសិស្សនឹងក្លាយជាសេដ្ឋីទាំងអស់ទេ ហើយក៏គ្មានសាលារៀនណា រៀនធ្វើជាស្តេច នាម៉ឺន គហបតិ ឬធ្វើជាថ្នាក់ដឹកនាំដែរ ព្រោះប្រសិនបើ មានសាលារៀនបែបនោះមែន ប្រាកដណាស់គ្រូទាំងអស់ក្នុងសាលានោះ គឺសុទ្ធតែជាសេដ្ឋី ស្តេច នាម៉ឺន គហបតិពុំខានឡើយ”។
រីឯអ្វីដែលត្រូវរក ក៏មានលក្ខណៈស្រដៀងគ្នានឹងអ្វីដែលត្រូវរៀនដែរ គឺរកទៅតាមសមាជីវោរបស់ខ្លួន តាមលទ្ធភាពនិងឱកាស ប៉ុន្តែដោយសេចក្តីតស៊ូ អត់ធ្មត់ និងមិនខ្ជីខ្ជា។ មុខរបរសម្រាប់ជីវិតមនុស្ស ដែលអាចរស់នៅបានដោយសុភមង្គល ដោយភាពសុខដុម ក្នុងគ្រួសារ វាមានរាប់មិនអស់ទេ តាំងពីភាពជាស្តេចរហូតដល់អ្នកសុំទាន បានន័យថា វាមិនចាំបាច់តែរកស៊ីលក់មាស លក់ពេជ្រ លក់អចលនទ្រព្យទេ ទើបអាចក្លាយជាសេដ្ឋី ឬមានជីវិតស្រស់ថ្លានោះឡើយ បានន័យថាអ្នកសុំទានម្នាក់ នៅពេលគាត់ យល់ពីនាទីគាត់ច្បាស់ គាត់ស្គាល់ខ្លួនឯងច្បាស់ នោះគាត់នឹងមានសេចក្តីសុខបំផុត គឺមានសេចក្តីសុខ ជាងមហាសេដ្ឋីសិប្បនិម្មិត ទៅទៀត។
ដូច្នេះ បញ្ញាសំខាន់នៅក្នុងមុខរបររកស៊ី គឺអ្នកត្រូវស្គាល់ខ្លួនឯងច្បាស់ ស្គាល់តួនាទីភារកិច្ចខ្លួន ត្រូវធ្វើអ្វី ស្គាល់លទ្ធភាពនិងសមត្ថភាពខ្លួន ស្គាល់ពេលវេលានិងឱកាសល្អ សមរម្យសម្រាប់អ្នក នោះអ្នកនឹ ងអាចជោគជ័យជាមិនខាន ហើយជីវិតនឹងអាចរស់នៅ ដោយភាពស្រស់បំព្រង មិនខានឡើយ។ “គ្មានក្រពះនរណា ដែលអាចហូបលើស ពីទំហំខ្លួនបានឡើយ” “គ្មានសេចក្តីសុខណា ជាងសេចក្តីស្ងប់ និងការទទួលយក ដោយរីករាយនោះឡើយ”។
សូមគោរព សូមអរគុណ!