បរទេស៖ ភាពតានតឹង កើនឡើងជាមួយចិន និងជម្លោះនៅអ៊ុយក្រែន បានជំរុញឱ្យ មន្ទីរបញ្ចកោណ បង្កើតក្រុមការងារពិសេសមួយ ដើម្បីជួយសម្រួលដល់ការលក់អាវុធទៅឱ្យ សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នេះបើតាមមន្ត្រីការពារជាតិ ជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់កាសែត Wall Street Journal (WSJ )។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានបាននិយាយនៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃសុក្រថា អ្វីដែលគេហៅថា “ក្រុមខ្លា” ត្រូវបានដាក់បញ្ចូលគ្នានៅក្នុងខែសីហា ដើម្បីស្វែងរកមធ្យោបាយក្នុងការចែកចាយអាវុធដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់អ្នកទិញបរទេសកាន់តែលឿន។ ស្ថាប័នថ្មីនេះត្រូវបានដឹកនាំដោយអនុមន្រ្តីការពារជាតិពីររូប ហើយក៏រួមបញ្ចូលទាំងតំណាងមកពីសេវាផ្សេងៗរបស់មន្ទីរបញ្ចកោណផងដែរ។
យោងតាមប្រភព ការត្រួតពិនិត្យនេះ ត្រូវបានចាប់ផ្តើមដោយសារតែភាពតានតឹងកើនឡើងជាមួយចិនជុំវិញកោះតៃវ៉ាន់ និងតម្រូវការក្នុងការបំពេញឃ្លាំងអាវុធរបស់សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប ដែលត្រូវបានខ្សត់ខ្សោយដោយសារតែពួកគេផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនចំពេលមានជម្លោះជាមួយរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា