ព័ត៌មានអន្តរជាតិ

កងកម្លាំងអាមេរិក បន្ដលួចប្រេងចេញ ពីប្រទេសស៊ីរី ទៅកាន់មូលដ្ឋាននៅអ៊ីរ៉ាក់

ដាម៉ាស់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ជូនយានជំនិះចំនួន ៣១ គ្រឿង រួមទាំងរថយន្ដដឹកប្រេង ពីតំបន់ប្រេងស៊ីរីក្នុងខេត្ត Hasakah ភាគឦសានប្រទេស ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនោះ។

មួយថ្ងៃមុននេះ សហរដ្ឋអាមេរិកបានបញ្ជូន រថយន្ដដឹកប្រេងចំនួន ៦៤ គ្រឿងពីវាលក្នុងទីក្រុង Hasakah ទៅកាន់ប្រទេសអ៊ីរ៉ាក់ នេះបើយោងតាម SANA ។

រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ជាយូរមកហើយថា បានលួចធនធានធម្មជាតិ នៅក្នុងប្រទេសស៊ីរី ដូចជាប្រេង ឧស្ម័ន និងសូម្បីតែស្រូវសាលី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃទី០៨ ខែសីហា ក្រសួងប្រេងស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាមេរិកបានលួច ៨០ភាគរយ នៃផលិតកម្មប្រេង របស់ប្រទេសស៊ីរី ។

កងកម្លាំងសហរដ្ឋអាមេរិក និងទាហានស៊ីឈ្នួលរបស់ពួកគេកំពុង លួចប្រេងជាមធ្យម ៦៦០០០ បារ៉ែល ក្នុងមួយថ្ងៃនៅក្នុងប្រទេសស៊ីរី ខណៈដែលការផលិតប្រេងប្រចាំថ្ងៃ ជាមធ្យមរបស់ប្រទេស ត្រូវបានគេប៉ាន់ប្រមាណថា បានឈានដល់ ៨ម៉ឺន បារ៉ែលក្នុងឆមាសទីមួយនៃឆ្នាំ២០២២។

កាលពីថ្ងៃទី២៩ ខែសីហា ក្រសួងប្រេងស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុវត្ត របស់សហរដ្ឋអាមេរិក ក្នុងប្រទេសស៊ីរី រួមទាំងការជួញដូរប្រេងស៊ីរីដោយខុសច្បាប់មកទល់ពេលនេះបានបណ្តាល ឱ្យមានការខាតបង់ដោយផ្ទាល់ និងដោយប្រយោលប្រហែល ១០៧,០១ពាន់លានដុល្លារដល់វិស័យប្រេង និងឧស្ម័នរបស់ប្រទេសស៊ីរី ។

ក្រសួងបានកត់សម្គាល់ថា វត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងការគ្រប់គ្រងរបស់ខ្លួន លើធនធានធម្មជាតិ និងវិស័យថាមពល នៅក្នុងប្រទេសកំពុងដកហូតធនធាន របស់ប្រជាជនស៊ីរី “នៅពេលដែលប្រទេសស៊ីរី បានទទួលរងនូវការខ្វះខាត យ៉ាងខ្លាំងនៃសម្ភារៈថាមពល”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top