ព័ត៌មានជាតិ

បទអត្ថាធិប្បាយ ៖ ជំនឿ នៃការសែនព្រះខែ បង្កើននូវទំនាក់ទំនង រវាងប្រជាជាតិកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ

ភ្នំពេញ ៖ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិនបានឱ្យដឹងថា ការរៀបចំពិធីបុណ្យ សែនព្រះខែ បានបង្ហាញពីទំនាក់ ទំនងប្រពៃណី រវាងប្រជាជាតិកម្ពុជា និងចិន ក្នុងការកសាងជោគវាសនារូម ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ពិធីបុណ្យសែនព្រះ ខែតាមប្រពៃណីចិន គេប្រារព្ធឡើងតាមចន្ទគតិ ក្នុងខែ៨ ថ្ងៃទី១៥ជារៀងរាល់ឆ្នាំ ។ ហើយឆ្នាំនេះ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ។
ពិធីនេះមានប្រវត្តិប្រមាណ ជាង៥ពាន់ឆ្នាំមកហើយ ដែលជាពិធីធំលំដាប់ទី២ បន្ទាប់ពីពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិចិន។ ពិធីសែនព្រះខែ គេប្រារព្ធឡើង ដើម្បីជួបជុំក្រុមគ្រួសារ ដែលបានបែកគ្នា ទៅធ្វើការយ៉ាងមមាញឹករបស់រៀងៗ ខ្លួននមួយរយៈពេលមក ។

តាមប្រពៃណីចិន ញាតិមិត្តនិងមិត្តភក្តិមកជួបជុំគ្នានៅថ្ងៃសែនព្រះខែ ដើម្បីមើលព្រះខែពេញបូណ៌មី និងញុំានំលោកខែ ។ ក្នុងពិធីបុណ្យនេះ ក៏មានទំនៀមទម្លាប់ខ្លះៗដែរ ដូចជា៖ កាន់គោម ដុតគោម និងបង្ហោះគោម , អុជធុបដើម្បីគោរពដល់ទេវតា ពិសេស ឆាងអឺជាដើម ។

ចំពោះគ្រឿងសំណែនវិញ កាលពីសម័យបុរាណរហូតបច្ចុប្បន្ននេះ វត្តមាននំកន្ទក់ ដែលផលិតពីម្សៅពណ៌ស រាងមូលដូចវង់ព្រះចន្ទនោះ ជាតង្វាយដ៏សំខាន់។ ខណៈនំបន្ទាប់បន្សំមាននំពា នំង៉ូវយីញ ស្នូលសណ្តែក ឬស្នូលគ្រាប់ឈូក ដែលមានរាងមូល ឬរាងបួនជ្រុង និងផ្លែឈើរាងមូល។ បើតាមទំនៀមទម្លាប់ចិន គេធ្វើនំព្រះខែមានទំហំមានអង្កត់ផ្ចិតប្រមាណ ១០ សង់ទីម៉ែត្រ និងកម្រាស់ប្រមាណពី ៤ ទៅ ៥ សង់ទីម៉ែត្រ ឬទំហំ ២ ទៅ ៣ សង់ទីម៉ែត្រ។

លោកបណ្ឌិតបន្តថា បើពិនិត្យមើលស្ថានភាពទូទៅ របស់ប្រទេសចិន ខែនេះជាខែប្រមូលផល របស់ជនជាតិចិន ហើយជាពេលវេលាមួយ របស់សមាជិក ក្រុមគ្រួសារមានភាព មមាញឹកផង និងសប្បាយរីករាយផងក្នុងការទទួលនូវអំណរផលកសិកម្ម ។ ពិធីសែនព្រះខែនេះដែរ ក៏មានទំនាក់ទំនង យ៉ាងជិតស្និត ជាមួយព្រះពុទ្ធសាសនាផងដែរ ហេតុនេះហើយបានជាប្រជាជាតិ ដែលមានប្រព្រៃណី និងគោរពប្រតិបត្តិព្រះពុទ្ធសាសនា តែងតែមានរៀបចំពិធីសែនព្រះខែផងដែរ បើទោះបីជាខុសពេលវេលា ជំនឿតាមរឿងនិទានប្លែកពីគ្នា និងស្ថានភាពនៃការរៀបចំ មិនដូចគ្នាយ៉ាងណាក្តី តែគោលបំណង រួមមានលក្ខណៈដូចគ្នា ។
សំឡេង៖ « ខ្លឹមសារជាសារវ័ន្ត នៃការរៀបចំពិធីនេះ ក្នុងគោលបំណងបង្កើន នូវសុខដុមនីយកម្មនៅក្នុងគ្រួសារ សង្គមជាតិ និងនៅក្នុងពិភពលោក ទាំងមូល។ លើសពីនេះ ពិធីបុណ្យនេះ ក៏បានរំលេចផងដែរ ពីគុណតម្លៃ នៃការរួបរួមមនុស្សជាតិ សាមគ្គី កសាងនូវសហគមន៍រួមគ្នា ដូចដែលប្រជាជាតិយើងទាំងពីរកម្ពុជាចិន កំពុងពួតដៃគ្នា ក្នុងការកសាងសហគមន៍ ជោគវាសនារួម ។ ពិធីនេះ ក៏ជាការរិតចំណងវិញត្របាញ់បញ្ចូលគ្នា នៃគំនិតរួម ទាក់ទងទៅ នឹងសុខដុមនីយកម្ម សាមគ្គីភាព ការស្រលាញ់រាប់អានគ្នា ភក្តីភាព ដែលមានចំពោះព្រះខែ បង្ហាញឱ្យឃើញពីចំណងមិត្តភាព នៃប្រជាជនប្រទេសយើងទាំងពីរ» ។

កញ្ញានឿង សុខា ជាមន្ត្រីរាជការមួយរូប បានឱ្យដឹងថា តាមរយៈពិធីសែនព្រះខែប្រពៃណី ជនជាតិចិន បានរួមចំណែកដល់យន្តការពហុភាគី ក្នុងចរន្តពហុជំនឿ និងពហុសាសនា ដើម្បីទទួលយកនូវគំរូភាព នៃសុខដុមនីយកម្ម របស់ប្រជាជាតិចិន ក្នុងការចងភ្ជាប់បេះដូងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕ (អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន )

To Top