ព័ត៌មានជាតិ

ប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ ​បញ្ចប់​ទស្សនកិច្ច​នៅ​វៀតណាម​ ជាមួយ​លទ្ធផល​ត្រចះត្រចង់​

ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានបញ្ចប់ និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រលប់ថ្ងៃទី៨កញ្ញានេះ ដោយបាននាំមកនូវលទ្ធផលយ៉ាងត្រចេះត្រចង់ ។

ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់វៀតណាម​  លោក​ឃួង​ ស្រេង​ និង​ភាគី​វៀតណាម​បានប្រកាសបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅកម្រិតថ្នាក់ក្រោមជាតិ រវាងប្រទេសទាំងពីរ ដោយឈរលើស្មារតីស្មោះត្រង់​ ទុកចិត្តគ្នា ប្រកបដោយ​ទំនួលខុសត្រូវ តាមរយៈការផ្តល់អាទិភាពខ្ពស់ ក្នុងការរក្សា និងជំរុញភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យជាអាទិភាពមួយចំនួន ដោយផ្តោតសំខាន់ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។

ភាគី​ទាំងពីរ​ក៏បានលើកឡើង ពីគោលបំណងបង្កើនទស្សនកិច្ចយុវជន ដេីម្បី​ផ្លាស់ប្តូរ បទពិសោធន៍ លើការងារអភិវឌ្ឍន៍ទីក្រុង សម្រាប់អ្នកបន្តវេន ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ 

សូម​រំលឹក​ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណប្រតិភូទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២២៕

To Top