ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅ ថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កម្រិត៦,៨ រ៉ិចទ័រ ដែលបានវាយប្រហារខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន បានកើនឡើងដល់៨២នាក់ហើយ ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា គ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ ដែលជាកម្រិតខ្លាំងបំផុតដែលបានវាយប្រហារខេត្តចាប់តាំងពីឆ្នាំ២០១៧បានធ្វើឱ្យមនុស្សជាង២៧០នាក់រងរបួស ខណៈដែល៣៥នាក់កំពុងបាត់ខ្លួន ។
អាជ្ញាធរបានធ្វើដំណើរទៅកាន់ទីតាំងនៃគ្រោះរញ្ជួយដីនៅក្រុង Luding ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទីក្រុងនេះត្រូវបានរញ្ជួយដោយការរញ្ជួយដីកម្រិត ២,៩រ៉ិចទ័រ កាលពីល្ងាចថ្ងៃពុធ ។
អ្នកព្យាករណ៍អាកាសធាតុបានចេញការព្រមានពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់បំផុតទី២សម្រាប់គ្រោះមហន្តរាយភូមិសាស្ត្រ ដែលអាចកើតមាននៅទីក្រុង Luding ដែលអាចរាប់បញ្ចូល ទាំងគ្រោះបាក់ដីផងដែរ ។ ការព្រមានសញ្ញាពណ៌លឿង គឺតិចជាងនេះត្រូវបានប្រកាសឲ្យដឹង សម្រាប់តំបន់ភាគកណ្តាល និងភាគខាងលិចនៃខេត្តស៊ីឈួន ។
នៅក្នុងប្រព័ន្ធព្រមាន អាកាសធាតុចំនួន៤ របស់ប្រទេសចិន គឺមានពណ៌ក្រហមតំណាងឱ្យកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូច លឿង និងខៀវ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
