ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានចាត់វិធានការសងសឹក ចំពោះអ៊ុយក្រែន ដែលដាក់របបទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ី

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានឲ្យដឹងថា ទីក្រុងម៉ូស្គូបច្ចុប្បន្ន កំពុងពិចារណាចាត់វិធានការសងសឹក ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ទីក្រុងគៀវ ក្នុងការដាក់របបទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ី។

លោក Rudenko ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក ​ស្រង់​សម្ដីថា “បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សា​ អំពី​បញ្ហា​នេះ​នៅ​ក្នុង​នាយកដ្ឋាន​ផ្សេង​ៗ យើង​នឹង​ពិចារណា​លើ​ទិដ្ឋភាព​យ៉ាង​ទូលំទូលាយ រួម​ទាំង​ផ្នែក​មនុស្សធម៌ផងដែរ”។

លោកបានលើកឡើងថា “យើងមិនចង់ធ្វើឱ្យស្មុគស្មាញដល់ជីវិតរបស់ពលរដ្ឋអ៊ុយក្រែនទាំងនោះ ដែលមានបំណងចាកចេញពីប្រទេស ហើយទៅប្រទេសរុស្ស៊ីនោះទេ។ ការទទួលបានទិដ្ឋាការនឹងក្លាយជា ការលំបាកសម្រាប់ពួកគេ” ។

លោក Rudenko បានបន្ដថាការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវបានធ្វើឡើងទេ ហើយថាការឆ្លើយតបនឹងមិនត្រូវស៊ីមេទ្រីនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារ លោក Rudenko បានលើកឡើងថា ពលរដ្ឋអ៊ុយក្រែន នៅតែអាចចូលប្រទេសរុស្ស៊ីដោយគ្មានទិដ្ឋាការរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ នៅថ្ងៃទី០១ ខែកក្កដា អ៊ុយក្រែន បានណែនាំរបបទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់ខ្លួន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងកាលពីខែមិថុនាថា ប្រទេសនេះបានសម្រេចចិត្តបញ្ចប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ី ដោយសារតែ “ការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមកចំពោះសន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី” របស់អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top