កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បាននាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ វេរប្រគេនព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី ២ ក្នុងវត្តចំនួន ២ គឺវត្តខេមវ័ន្តបឹងស្នាយ «ហៅវត្តថ្មី» ស្ថិតនៅក្នុងសង្កាត់សំបួរមាស និងវត្តជោតនារាមបឹងកុក «ហៅវត្តបឹងកុក» ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
សូមរំលឹកដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយើង ដ៏ធំមួយក្នុងចំណោមបុណ្យជាច្រើន ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបុណ្យនេះ ចាប់ផ្តើមពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។
នៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌឈានចូលមកដល់ម្ដងៗ គេសង្កេតឃើញ បងប្អូនប្រជាជនខ្មែរ និងជាអ្នកកាន់ នូវព្រះពុទ្ធសាសនា តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានផ្សេងៗ មានម្ហូប អាហារ នំ ចំណី ជាដើម ទៅវេរប្រគេព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បីឧទ្ធិស មគ្គផល និងគុណូប្បការៈគុណ ទៅដល់បុព្វការីជន អ្នកមានគុណ មាតា បិតា ជីដូន ជីតា ដែលបានចែកឋាន ទៅកាន់បរលោក។ម្យ៉ាងវិញទៀត ក៏ជាពេលវេលាដ៏ប្រសើរ ដើម្បី ឲ្យប្រជាពលរដ្ឋយើង បានយកចំណីចំណុក និងគ្រឿងបរិក្ខាផ្សេង ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាស ផងដែរ ។
សូមបញ្ជាក់ថា ក្នុងឱកាសដ៏ប្រសើរនោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងមន្ត្រីរាជការរួមដំណើរ បានធ្វើពិធីរាប់បាត្រ និងវេរ នូវទេយ្យទាន និងគ្រឿងបរិក្ខាទាំងឡាយ ប្រគេនព្រះសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលទេយ្យវត្ថុ ប្រគេន ដល់វត្តទាំង ២ខាងលើ ក្នុង១វត្ត មានអង្ករ ១០០ គីឡូក្រាម ទឹកសុទ្ធ ០៥ កេស ទឹកក្រូច ០៥ កេស ទឹកដោះគោខាប់ ១ កេសធំ តែ ០៥ កញ្ចប់ ស្ករស ០៥ គ.ក្រ មី ០១ កេសធំ ត្រីខ ០១ យួរ និងបច្ច័យចំនួន ៥.៨១០.០០០រៀល ៕