ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស ឥណ្ឌូ ប៉ាស៊ីហ្វិក យល់ព្រមចូលរួម ការចរចា លើគំនិតផ្ដួចផ្ដើម សេដ្ឋកិច្ច

ឡូសអេនជឺឡេស ៖ រដ្ឋមន្ត្រីមកពីបណ្តាប្រទេសដែលពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកដឹកនាំ ដោយសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីចាប់ផ្តើមការចរចា ជាផ្លូវការលើការកសាងសណ្តាប់ធ្នាប់ សេដ្ឋកិច្ចផ្អែកលើច្បាប់នៅក្នុងតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលប្រទេសចិន កំពុងពង្រីកឥទ្ធិពលរបស់ខ្លួន ។

រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក Yasutoshi Nishimura បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ IPEF រយៈពេលពីរថ្ងៃនៅទីក្រុង Los Angeles ថាប្រទេសសមាជិកទាំង ១៤ នៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក នឹងចូលរួមនៅក្នុងកិច្ចពិភាក្សាកំណត់ច្បាប់ ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច កែលម្អលក្ខខណ្ឌការងារ និងលើកកម្ពស់និរន្តរភាព នៅក្នុងតំបន់។

ការចរចានេះពាក់ព័ន្ធនឹង សសរស្តម្ភគោលនយោបាយចំនួន៤ រួមមាន ពាណិជ្ជកម្មដោយស្មើភាព ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលស្អាតជាមួយនឹងការកាត់បន្ថយកាបូន និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការយកពន្ធត្រឹមត្រូវ និងការប្រឆាំងអំពើពុករលួយ។

លោកស្រី Gina Raimondo រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា “នេះគឺជាសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍មួយ និងមួយដែលឆ្លុះបញ្ចាំងពីការពិតដែលថាយើងមានមតិឯកភាព និងការប្តេជ្ញាចិត្តក្នុងចំណោមប្រទេសដៃគូ IPEF ទាំង១៤” ។

លោកស្រីបានបន្ដថា សមាជិក IPEF ទាំងអស់ប្តេជ្ញាបង្កើតកិច្ចព្រមព្រៀងសេដ្ឋកិច្ចប្រកបដោយមហិច្ឆតា និងស្តង់ដារខ្ពស់មួយនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដោយលោកស្រីបានបន្ថែម ដោយមិនសំដៅដល់ថ្ងៃកំណត់ សម្រាប់ការចរចានោះទេ។

លោក Raimondo បានបញ្ជាក់ថា នឹងមានកិច្ចពិភាក្សាថ្នាក់ជាន់ខ្ពស់នៅចុងឆ្នាំនេះ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយផ្សេងទៀតនៅដើមឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Nishimura បានប្រាប់អ្នកយកព័ត៌មានដោយឡែកថា “យើងចង់ជាពិសេសជំរុញការផ្តួចផ្តើមគំនិតផ្តោតលើសន្តិសុខសេដ្ឋកិច្ច រួមទាំងថាមពលផងដែរ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top