ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់ជាថ្មី ពីកង្វល់ជុំវិញការផ្ទេរសម្ភារៈ នុយក្លេអ៊ែរ ដែលទាក់ទងនឹង AUKUS

ប៉េកាំង៖ បេសកជនចិន បានរំលឹកឡើងវិញនូវការព្រួយបារម្ភ អំពីការផ្ទេរអាវុធនុយក្លេអ៊ែរ ដែលពាក់ព័ន្ធនៅក្នុង AUKUS ដែលជាកិច្ចព្រមព្រៀង ត្រីភាគី រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចក្រភពអង់គ្លេស និងអូស្ត្រាលី ដោយអំពាវនាវឱ្យ ប្រទេសទាំងបី បោះបង់ចោលវា ជុំវិញហានិភ័យ នៃការរីកសាយភាយ នុយក្លេអ៊ែរ។

លោក Wang Qun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងវីយែនបានធ្វើការកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល នៃទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិ (IAEA) បានសម្រេចដោយការឯកភាពគ្នា ក្នុងការរៀបចំរបៀបវារៈផ្លូវការមួយ ស្តីពី “ការផ្ទេរសារធាតុនុយក្លេអ៊ែរ ក្នុងបរិបទ នៃ AUKUS និងការការពាររបស់ខ្លួន ក្នុងគ្រប់ទិដ្ឋភាពក្រោម NPT (សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ)” តាមសំណើរបស់ចិន។

ចំណាត់ការនេះ “បានធ្វើឱ្យមានការប៉ុនប៉ងរបស់ ប្រទេសមួយចំនួន ក្នុងការប្លន់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA” លោក Wang បានលើកឡើងថា វាជាលើកទី៤ ជាប់គ្នាដែលបញ្ហា AUKUS ត្រូវបានបញ្ចូល ក្នុងរបៀបវារៈផ្លូវការនៃកិច្ចប្រជុំក្រុមប្រឹក្សា ប្រចាំត្រីមាស របស់ទីភ្នាក់ងារនេះ ដោយឆ្លុះបញ្ចាំងពីការព្រួយបារម្ភ របស់សហគមន៍អន្តរជាតិ ជុំវិញការផ្ទេរសម្ភារៈអាវុធនុយក្លេអ៊ែរ ដែលពាក់ព័ន្ធ ក្នុងកិច្ចព្រមព្រៀង។

នៅខែកញ្ញាឆ្នាំ២០២១ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសពីការបង្កើត AUKUS ដែលក្រោមនោះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងជួយអូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។

លោក Wang បានកត់សម្គាល់ថា ការផ្ទេរវត្ថុធាតុនុយក្លេអ៊ែរ ដែលទាក់ទងនឹង AUKUS គឺជាបញ្ហាស្នូលរបស់ខ្លួន ដែលជាបញ្ហានៃការរីកសាយ អាវុធនុយក្លេអ៊ែរ នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោកបានបន្ដថា “AUKUS ហួសពីរបបមិនរីកសាយភាយអន្តរជាតិ ដែលមានស្រាប់ និងអាណត្តិរបស់លេខាធិការដ្ឋាន IAEA ។ បញ្ហាមិនគួរត្រូវបានដោះស្រាយដោយប្រទេសទាំងបីតែម្នាក់ឯងនោះទេ ហើយត្រូវតែដោះស្រាយ ដោយរដ្ឋសមាជិក IAEA”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top