ព័ត៌មានជាតិ

សម្តេចតេជោ ស្នើបក្សនយោបាយ កុំយកការដោះស្រាយឲ្យពលរដ្ ឋនៅតំបន់អាជ្ញាធរអប្សរា ទៅទីតាំងថ្មី ឃោសនា រកសន្លឹកឆ្នោត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាគ្រប់គណបក្សនយោបាយទាំងអស់ កុំយកករណីដោះដូរប្រជាពលរដ្ឋ នៅតំបន់អាជ្ញាធរអប្សរា ទៅកាន់ទីតាំងថ្មី ធ្វើការឃោសនាវាយប្រហារដើម្បីស្វែងរកសន្លឹកឆ្នោតឲ្យសោះ។

ក្នុងពិធីសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាមកទីតាំងថ្មី ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី១៣ កញ្ញា សម្តេចតេជោ បានលើកឡើងថា ទោះបីជាមានប្រជាពលរដ្ឋមួយចំនួនមិនទាន់ទទួលបានការដោះដូរ ហើយត្រូវមន្ត្រីចុះវាស់វែងដីរួចហើយ និងមិនទាន់ចាប់ឆ្នោតដើម្បីទទួលបានគោលនយោបាយ ផ្លាស់ទៅរស់នៅទីតាំងថ្មីក្តី តែនឹងបន្តធ្វើករណីនេះ ។ ចំណុចនេះ សម្តេចអំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់កុំយក ធ្វើការវាយប្រហារលើ សម្តេចដើម្បីទាក់ទាញសន្លឹកឆ្នោត។

សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវស្នើសុំដល់បណ្តាគណបក្សនយោបាយ កុំប្រើប្រាស់នូវអ្វីដែលហ៊ុន សែនកំពុងដោះស្រាយដែលបញ្ហារបស់ជាតិ ធ្វើជាអាវុធដើម្បីវាយហ៊ុន សែន នៅពេលខាងមុខ»។

សម្តេចតេជោបានលើកឡើងទៀតថា រាល់ពេលជិតបោះឆ្នោត មានគណបក្សនយោបាយមួយចំនួនតែងតែយកចំណុចអ្វីមួយវាយប្រហារសម្តេចនៅមុនបោះឆ្នោតជានិច្ច ដើម្បីទទួលយកសន្លឹកឆ្នោត ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា បើសិនអ្នកយកបញ្ហានេះ ដើម្បីវាយប្រហារដើម្បីបានសន្លឹកឆ្នោតនោះ សម្តេចនឹងប្រើប្រាស់ផ្លូវច្បាប់ ហើយនៅពេលប្រើប្រាស់ផ្លូវច្បាប់ហើយកុំចាត់ទុកថាជារឿងនយោបាយ ពីព្រោះនេះជារឿងរបស់ប្រទេសជាតិ ។

សម្តេចតេជោបានគូសបន្ថែមថា «ខ្ញុំយល់ដឹងពីអ្នកឯង អ្នកឯងតែងតែងយកចំណុចនេះ វាយប្រហាររឿងនេះ នៅមុនពេលបោះឆ្នោតជានិច្ច ប៉ុន្តែអ្នកឯងត្រូវយល់ ខ្ញុំនឹងប្រើប្រាស់ផ្លូវច្បាប់ដើម្បីចាត់ការអ្នកឯង»៕

To Top