ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ កាន់បិណ្ឌទី៥ និងចូលបច្ច័យ ជាង៣៥លានរៀល សម្រាប់ទ្រទ្រង់វត្តលង្កា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅព្រឹកថ្ងៃទី១៥កញ្ញានេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បិតា ញាតិការទាំង៧សន្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ជាមួយនឹងការវេបច្ច័យប្រគេនទៅព្រះសង្ឃ បានប្រមាណជាង៣៥លានរៀល សំរាប់កសាងទីអារាមវត្តនេះផងដែរ។

ក្នុងពិធីនោះ លោកឃួង ស្រេង និងលោកស្រី បានប្រគេនយាគូដល់ព្រះសង្ឃរាប់បាត្រ បង្សុកូល វេភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។ ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានប្រគេនទ័យទានជាច្រើនមុខ ដល់ព្រះសង្ឃ និងបច្ច័យប្រគេនព្រះសង្ឃ ២១២អង្គ ក្នុង១អង្គ ចំនួន ៥០,០០០រៀល បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០,០០០៛ បច្ច័យព្រះសង្ឃទេសនា ១អង្គ ចំនួន ២០០,០០០៛ បច្ច័យលោកអាចារ្យ ចំនួន ២០០,០០០៛ ពុទ្ធិកយុវជន(សិស្ស និស្សិត) ៥០នាក់ ក្នុង១នាក់ ចំនួន ២០,០០០៛ និងប្រគេនបច្ច័យជូនទៅព្រះសង្ឃ សំរាប់កសាងទីអារាមវត្តនេះ ចំនួន២៩៥៧០០០០រៀល និងប្រាក់ដុល្លារ១៥៤០ដុល្លារ ដែលសរុបទាំងប្រាក់រៀល និងដុល្លារ មានចំនួនប្រមាណជាង៣៥លានរៀល។

គួរឲ្យដឹងផងដែរថា បុណ្យកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេសនាំគ្នាទៅធ្វើបុណ្យនៅវត្តដោយមានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំងប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគគ្រឹកគគ្រេងធ្វើឲ្យបរិយាកាស ក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ ដល់សោតិន្ទ្រិយារម្មណ៍និងគួរឲ្យរំភើបរីករាយពន់ប្រមាណ៕

To Top