ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ៖ សំណើសន្តិសុខ របស់អ៊ុយក្រែន នឹងនាំឱ្យទីក្រុងមូស្គូ ត្រូវបង្ខំចិត្តបង្កើនការ វាយលុកផ្នែកយោធា

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ទីក្រុងមូស្គូ នឹងត្រូវបង្ខំចិត្តបង្កើនការ វាយលុកផ្នែកយោធា របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវបានចេញផ្សាយ សំណើអំពីរបៀប ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អាចធានាសន្តិសុខរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Dmitry Peskov បានអះអាងថា ឯកសារនេះបង្ហាញ ពីការគំរាមកំហែង ដែលណាតូបង្កឡើង ចំពោះរុស្ស៊ី។

មន្ត្រីរុស្ស៊ីបានកត់សម្គាល់ កាលពីថ្ងៃពុធថា សន្ធិសញ្ញាដែលបានស្នើឡើង ជាបន្តបន្ទាប់រវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសំដៅជាពិសេស ជាដំណោះស្រាយបញ្ឈប់ មុនពេលអ៊ុយក្រែន ចូលជាសមាជិកណាតូជាផ្លូវការ ។ ទីក្រុងមូស្គូបានចាត់ទុក ការចូលជាសមាជិក របស់អ៊ុយក្រែនទៅក្នុង ប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក ថាជារឿងដែលមិនអាចទទួលយកបាន ដោយសារតែការគម្រាម កំហែង ដល់សន្តិសុខជាតិរបស់ខ្លួន ។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា “ការគំរាមកំហែងចម្បងមួយចំពោះប្រទេស របស់យើងនៅតែមាន ដែលមានន័យថា ហេតុផលចម្បងមួយសម្រាប់ប្រតិបត្តិការ យោធាពិសេសនៅតែមាន ឬសូម្បីតែក្លាយជារឿង បន្ទាន់ជាង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top