ព័ត៌មានអន្តរជាតិ

ជប៉ុន-ហ្វីលីពីន ប្ដេជ្ញាបង្កើន កិច្ចសហប្រតិបត្ដិការសន្ដិសុខ ចំពេលមានការកើនឡើង នូវឥទ្ធិពលរបស់ចិន

ញូវយ៉ក៖ មេដឹកនាំនៃប្រទេសជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាថា ប្រទេសទាំងពីរនឹងពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យដូចជាសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។

 នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់រួមទាំងបញ្ហាទាក់ទងនឹងសមុទ្រចិនខាងកើត និងខាងត្បូង នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងញូវយ៉ក ចំពេលមានការអះអាងដែនសមុទ្រកើនឡើងរបស់ចិន។

លោក Kishida និងលោក Marcos ដែលបានជួបក្រៅកិច្ចប្រជុំប្រចាំឆ្នាំ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហានៃ “ការបង្ខិតបង្ខំសេដ្ឋកិច្ច” ដែលជាឃ្លាដែលតែងតែប្រើជាការរិះគន់លាក់បាំង អំពីការប្រើប្រាស់ប្រាក់ឧបត្ថម្ភឧស្សាហ៍កម្មយ៉ាងទូលំទូលាយ របស់ទីក្រុងប៉េកាំង ដើម្បីឱ្យប្រទេសផ្សេងទៀតធ្វើសម្បទាន។

 កិច្ចពិភាក្សានេះ គឺជាកិច្ចប្រជុំកំពូលដោយផ្ទាល់ លើកដំបូង រវាងជប៉ុន និងហ្វីលីពីន ចាប់តាំងពីមេដឹកនាំហ្វីលីពីនបច្ចុប្បន្ន ដែលជាកូនប្រុសរបស់មេដឹកនាំផ្តាច់ការហ្វីលីពីន Ferdinand Marcos បានចូលកាន់តំណែង កាលពីចុងខែមិថុនា បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតី។

 ប្រទេសចិន តែងតែបញ្ជូនកប៉ាល់ ទៅកាន់សមុទ្រចិនខាងកើត ដើម្បីរុករកដែនទឹកនៅជិតប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយប្រទេសជប៉ុន ដែលទីក្រុងប៉េកាំងទាមទារ និងហៅថាកោះ Diaoyu ។  ចិន​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ទឹកដី​ជាមួយ​ហ្វីលីពីន និង​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូងផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top