ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជួន បានប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន មិនទាន់អនុញ្ញាត ឱ្យប្រេីប្រាស់ជាសាធារណៈ នោះឡេីយដោយរង់ចាំរហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ខាងមុខ ទេីបអាចប្រេីប្រាស់បាន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៦ កញ្ញា នេះ បានបញ្ជាក់ថា “សូមជម្រាបជូនថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន មិនទាន់អនុញ្ញាត ឱ្យប្រេីប្រាស់ ជាសាធារណៈនៅឡេីយទេ។ សូមបងប្អូនអត់ធ្មត់ រង់ចាំដល់ថ្ងៃទី០១ តុលា ២០២២ ទេីបអាចប្រេីប្រាស់បាន។ សូមបងប្អូន មានការយោគយល់អធ្យាស្រ័យ សូមបេីកបរដោយសុវត្ថិភាព”។
សូមរំលឹកថា ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ថ្មីដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងដាក់ឱ្យដំណើរការ សាកល្បងប្រើប្រាស់ ដោយឥតគិតថ្លៃ។
ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។
ជាងនេះទៅទៀត ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៦កន្លែង មានកន្លែងឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។
លេីសពីនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ លើផ្លូវមួយខ្សែនេះ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលកន្លងមកត្រូវចំណាយពេលពី ៥ទៅ ៦ម៉ោង តាមផ្លូវជាតិលេខ៤៕