ព័ត៌មានអន្តរជាតិ

យានយន្តកើនឡើង ដល់ជាង ១ម៉ឺនគ្រឿង ធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកញ្ជូន បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ១៤ ៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងក្រសួងសាធារណការ នាថ្ងៃទី៣ តុលា បានបញ្ជាក់ថា «តួលេខនេះបានបង្ហាញឱ្យឃើញពីកំណើន នៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង ៦០% បើធៀបនឹងតួលេខពីម្សិលមិញ។ នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ផ្លូវល្បឿនលឿនជម្រើសប្រសើរមួយ សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ»។

សូមជម្រាបថា ក្នុងចំណោមយានយន្ត ដែលបានចរាចរ ក្នុងថ្ងៃទី២នេះ មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបមានចំនួន ៥៣ករណី ដែលបានធ្វើការទាក់ទង ទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។

គួរបញ្ជាក់ថា ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូន ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

To Top