ព័ត៌មានជាតិ

JCI Cambodia បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ភាពជាអ្នកដឹកនាំ ” ក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍន៍ សមត្ថភាពយុវជន ឲ្យក្លាយជាអ្នកដឹកនាំឆ្នើម


សៀមរាប៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) កាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះ បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី”ភាពជាអ្នកដឹកនាំ ” លើកទី៧ (7th JCI Cambodia Leadership Academy) ក្រោម Theme “Pay it Forward”។ វគ្គបណ្តុះបណ្តាលអ្នកដឹកនាំលើកទី៧នៅឆ្នាំនេះ មានរយៈពេល៣យប់៤ថ្ងៃ ផ្តើមចាប់ពីថ្ងៃទី ០១-០៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារប៉ាស៊ីហ្វីក សៀមរាប (Pacific Hotel Siem Reap) ក្រោមអធិបតីភាព លោកស្រី Senator ស្រួ ណារីយ៉ា ប្រធានសភាយុវពាណិជ្ជករអន្តជាតិកម្ពុជាឆ្នាំ២០២២ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ សមាជិក សមាជិកា និង សិក្ខាកាមចូលរួមប្រមាណជិត១០០នាក់។

វគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃនេះផ្តោតលើការយល់ដឹងអំពី JCI, ផ្តោតលើជំនាញនៃភាពជាអ្នកដឹកនាំ ជំនាញនៃការរៀបចំផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រង់គម្រោង ផ្សារភ្ជាប់ជាមួយការចុះអនុវត្តជាក់ស្តែងនៅសហគមន៍ ។

ជាក់ស្តែង នាឱកាសនោះដែរ មានកិច្ចពិភាក្សាមួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម នោះគឺកិច្ចពិភាក្សា ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំក្នុងតួនាទីចម្រុះ” ។ ដោយមានការចូលរួមជាកិត្តិយស ពីសំណាក់ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប លោក ហ្សង់ ហ្វ្រង់ស័រតាន់ នាយកគ្រប់គ្រង់វិទ្យុបារាំងអន្តរជាតិ និងលោកឧកញ៉ា Senator បុិច បូឡែន ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ ២០១៦ និងជាប្រធានមូលនិធិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ។

ប្រធានបទនេះមានទាំងការជជែកដេញដោល និង ការចែករំលែកយ៉ាងក្បោះក្បាយអំពីតួនាទីជាថ្នាក់ដឹកនាំមួយរូប ក្នុងវិស័យនីមួយៗ ទាំងរដ្ឋ និងឯកជន។ ដែលធ្វើឲ្យសិក្ខាកាម និង អ្នកចូលរួមទាំងអស់ទទួលបានគំនិត និង បទពិសោធន៍ជាច្រើនពីសំណាក់វាគ្មិនកិត្តិយស។

គួរបញ្ជាក់ផងដែរ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួល របស់លោកឃឹម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឆ្នាំ ២០២២ ហើយក៏ជាប្រធានកម្មវិធីបណ្តុះបណ្តាលនេះ។

ទន្ទឹមនឹងនេះដែរ នៅយប់ថ្ងៃ០៣ ខែតុលា ពិធីបញ្ចប់វគ្គសិក្សា JCI Leadership Academy Graduation Ceremony ក៏បានរៀបចំឡើង ដោយមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងនោះមានការផ្តល់ជូនវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាដល់សិក្ខាកាមដែលបំពេញបេសកម្មចប់ដោយជោគជ័យ និងសប្បាយរីករាយជាពន់ពេក។

គួរជម្រាបជូនថា JCI Cambodia Leadership Academy ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង និង អភិវឌ្ឍសមត្ថភាពយុវជនអោយក្លាយជាអ្នកដឹកនាំឆ្នើម សម្រាប់ពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ (Developing Leaders for a Changing World) ដើម្បីជាប្រយោជន៍សម្រាប់យុវជនខ្លួនឯងផ្ទាល់ សម្រាប់គ្រួសារ និងសង្គមជាតិរបស់យើងទាំងមូល។
បន្ថែមពីនេះ អ្នកចូលរួមបានយល់កាន់តែច្បាស់ថា JCI ជាអ្វី? តើ JCI ធ្វើអ្វីខ្លះ? ហេតុអ្វីបានជា JCI មានប្រយោជន៍សម្រាប់យើង និងសង្គមជាតិទាំងមូល?

To Top