ព័ត៌មានជាតិ

សម្តេចតេជោ ផ្ញើសាររំលែកទុក្ខ ជូននាយករដ្ឋមន្រ្តីថៃ ពាក់ព័ន្ធហេតុការណ៍បាញ់ប្រហារ ក្មេងស្លាប់ជាង ៣០នាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខជូន លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ បណ្តាលឲ្យមានមនុស្សជាពិសេស ក្មេងជាសិស្សស្លាប់ជាច្រើននាក់។

តាមរយៈសារលិខិត សម្ដេចតេជោ មានសេចក្ដីតក់ស្លុត និងក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលព័ត៌មាន អំពីការបាញ់រះសម្លាប់រង្គាល នៅមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសាន នៃប្រទេសថៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្សជាច្រើន ដែលភាគច្រើនជាកុមារ និងមានអ្នករងរបួសមួយចំនួន។

លិខិតបញ្ជាក់ថា “ក្នុងកាលៈទេសៈដ៏សែនសោកសៅនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រថៃ ជាពិសេសក្រុមគ្រួសារនៃ សព និងជនរងគ្រោះ”។

សម្តេចបន្តថា កម្ពុជាស្ថិតនៅជាមួយថៃ ក្នុងខណៈដ៏សោកសង្រេង នៃឧប្បត្តិហេតុ សម្លាប់រង្គាលនេះ និងបួងសួងឲ្យអ្នកដែលទទួលរងរបួសឆាប់បានជាសះស្បើយ ។

សូមរំលឹកថា សោកនាដកម្មបំពានជីវិតកុមារតូចៗ នៅថៃលើកនេះ បានក្លាយទៅជាហេតុការណ៍ ដ៏អាក្រក់ជាប្រវត្តិសាស្រ្តរបស់ថៃ និងបានបន្សល់នូវភាពឈឺចាប់ សម្រាប់សង្គមថៃយ៉ាងតក់ស្លុត ព្រោះជនបង្ករហេតុជាខ្មាន់កាំភ្លើង ជាអតីតប៉ូលីសថៃម្នាក់ និងជាបុគ្គលដែលធ្លាប់ ទទួលការសិក្សារៀនសូត្រ ចេះដឹងម្នាក់ដែរ បានស្ថិតក្នុងការចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀន ប៉ុន្តែប៉ូលីសបាន វះសាកសពជនបង្ករហេតុ ឃើញថាខ្មាន់កាំភ្លើង គ្មានសារធាតុគ្រឿងញៀនទេ អាចមកពីគំហឹងមួយឆាវ របស់គេបានធ្វើឲ្យសង្គមថៃ ធ្លាក់ចូលក្នុងភាពវឹកវរយ៉ាងដូច្នេះ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top