នយោបាយ

សម្តេចតេជោ ផ្ដាំផ្ញើទៅក្រុមប្រឆាំង ដែលជាព្រះសង្ឃ នៅក្រៅប្រទេសថា នៅលើលោកកីយ៍នេះ គ្មាននរណាមួយមិនខ្លាចស្លាប់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដាំផ្ញើទៅដល់ក្រុមប្រឆាំង ដែលជាព្រះសង្ឃចាំតែរិះគន់ ស្ថិតនៅក្រៅប្រទេសថា នៅលើលោកកីយ៍នេះ គ្មាននរណាមួយមិនខ្លាចស្លាប់ឡើយ ខណៈ សម្ដេចថា បើក្រុមប្រឆាំងមិនខ្លាចស្លាប់ មិនមែន រត់ចោលស្រុកនោះទេ ។

សម្ដេចតេជោផ្ដាំផ្ញើបែបនេះ ក្រោយពីក្រុមប្រឆាំង បានធ្វើការវិភាគ ជុំវិញភរិយា របស់សម្ដេចតេជោ សាងសង់ចេតិយទុករួចរាល់សម្រាប់ ស្ថិតនៅក្នុងវត្ត មុនីសុវណ្ណ ឬវត្តចំពុះក្អែក ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ តែ សម្ដេចមិនទទួលយកឡើយ ។ ដោយព្រះសង្ឃអង្គនោះថា សម្តេចខ្លាចស្លាប់។

ក្នុងពិធីបិទសន្និបាត កាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានរំលឹកថា នៅក្នុងវេទិកា ជួបជាមួយប្រជាពលរដ្ឋ នៅខេត្តសៀមរាប នាពេលថ្មីៗនេះ សម្ដេច បានលើកឡើងថា សម្ដេច មិនព្រមយកធាតុ របស់ខ្លួន នៅដាក់ចេតិយ ក្នុងវត្តនៅរាជធានីភ្នំពេញទេ ។ សម្ដេច ថា បញ្ហានេះ សម្ដេចបាននិយាយ តាំងពីយូរណាស់មកហើយ ។

សម្ដេចតេជោបញ្ជាក់ថា «ស្រាប់តែចាប់ផ្ដើម បានបង្កើតតុមូលមួយជជែងគ្នា គេដាក់បញ្ហាថា ហេតុអីបានជា លោក ហ៊ុន សែន អត់ព្រមទៅនៅវត្ត? ពេលងាប់ហើយមិនព្រមទៅវត្ត កោតតែអាចនិយាយ ដល់សន្និដ្ឋានចុះ សន្និដ្ឋានឡើង គឺនិយាយថា លោក ហ៊ុន សែន ពិតជាខ្លាចភ័យណាស់ ខ្លាចងាប់។ សូមផ្ដាំត្រឡប់ទៅវិញ នៅលើលោកកីយ៍នេះ គ្មានអ្នកណាមិនខ្លាចងាប់ទេវើយ»។

សម្ដេចតេជោ បានចំអកចំអនឲ្យក្រុមប្រឆាំងថា បើមិនខ្លាចស្លាប់ទេ មិនចាំបាច់រត់ចោលស្រុកខ្មែរឡើយ។ សម្ដេចថា អ្នកណាក៏ដោយ សុទ្ធតែចង់រស់ ដោយសារ បញ្ហាទាំងនេះហើយទើប សម្ដេចរត់ទៅវៀតណាម ដើម្បីរកវិធីសាស្ដ្រ រំដោះប្រទេស ដោយសម្ដេច មិនរត់ចោលស្រុក ដូចក្រុមប្រឆាំង នៅក្រៅប្រទេសនោះទេ ៕

To Top