ព័ត៌មានជាតិ

សម្ដេចតេជោ៖ ថតរឿង «ជីវិតក្មេងវត្ត» មិនបាន ប្រើប្រាស់ថវិការដ្ឋ សូម្បីតែមួយសេន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការរៀបចំថតចម្រៀងនិងសាច់ រឿង «ជីវិតក្មេងវត្ត» គឺមិនបានប្រើប្រាស់ថវិការដ្ឋ សូម្បីតែមួយសេន ខណៈសាច់រឿងត្រូវត្រៀមបម្រុងថវិកា ចំនួន៦លានដុល្លារសម្រាប់បញ្ចប់។

ការចេញមកអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ មិនសំចៃមាត់ ពីសំណាក់ក្រុមប្រឆាំង រួមមានទាំងព្រះសង្ឃផង លើការតាក់តែងនិពន្ធ នូវកម្រងវីដេអូនិងខ្លឹមសារ សាច់រឿង «ជីវិតក្មេងវត្ត» ដែលបានចាក់បញ្ចាំងខ្លី នាពេលកន្លងទៅថ្មីៗនេះ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោលើកឡើងថា ចម្រៀងនិងរឿង«ជីវិតក្មេងវត្ត»នេះ សម្ដេចបាននិពន្ធតាំងពីឆ្នាំ១៩៩៥ ឬ១៩៩៦នោះ ហើយត្រូវបានគេថតច្រើនណាស់មកហើយ។

សម្ដេចថា នេះគ្រាន់តែជារឿងប្រវត្តិសាស្រ្ត របស់នាយករដ្ឋមន្រ្តីមួយរូប ហើយមិនមែនមានតែសម្ដេចតែម្នាក់ទេ បើនិយាយពីក្មេងវត្ត គឺមនុស្សច្រើនដែលពាក់ព័ន្ធ។ ឥឡូវនេះ និស្សិតរាប់ពាន់នាក់កំពុងស្នាក់នៅ តាមទីអារាម ដូច្នេះរឿងនិងចម្រៀង«ជីវិតក្មេងវត្ត»នេះ ត្រូវមនុស្សច្រើនណាស់ រាប់ទាំងព្រះសង្ឃ ប៊ុត ប៊ុនតេញ ដែលសម្ដេចដាក់រហ័សនាមឲ្យថា «អាខ្មៅ» ដែលទៅបួសផងដែរ។

ជាការផ្ដាំផ្ញើទៅកាន់ក្រុមប្រឆាំង ជុំវិញសាច់ រឿង«ជីវិតក្មេងវត្ត»នេះ សម្ដេចបានបញ្ជាក់ថា បើអ្នកឯងចង់មើលក៏មើលទៅ បើមិនមើលក៏បិទទូរទស្សន៍ចោលទៅ ប៉ុន្តែនេះបង្ហាញថាពួកឯងក៏មើលដែរ ទើបចេះតែទើសគ្រប់រឿងបែបនេះ។

សម្ដេចគូសបញ្ជាក់ថា «អ្នកឯងចាំមើលរឿងនេះ បានថតប្រមាណ៣០%រួចទៅហើយ ហើយបើមិនចង់មើលអ្នក​ឯងបិទប៉ុស្តិ៍ទៅ កុំមើល»។

សម្ដេចអះអាងថា បញ្ហារឿងនេះ មិនមែនជារឿងដាច់ដោយឡែករបស់សម្តេចនោះទេ គឺជារឿងសង្គមខ្មែរដែលចូល ក្នុងដំណាក់កាលសង្គ្រាម រឿងសង្គមខ្មែរ ដែលចូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចថា រឿងនេះថតបាន ប្រមាណ៣០%ហើយ ហើយខាងទូរទស្សន៍បាយ័ន គេមានមធ្យោយបាយរបស់គេ ​គេមិនបានចំណាយលុយរដ្ឋនោះទេ។

សម្ដេចសង្កត់ធ្ងន់ថា «តម្លៃនៃការថតត្រឹមតែ៣០% នេះត្រូវចំណាយអស់ ២លាន ៥សែនដុល្លាររួចហើយ ហើយរឿងនេះកំពុងដំណើរការថត​ ហើយត្រៀមថវិកា ៦លានដុល្លារអាមេរិក សម្រាប់បញ្ចប់»។

ជុំវិញលើការចំណាយនេះ សម្ដេចលើកឡើងថា រឿងប្រវត្តិសាស្រ្តមួយ មិនអាចធ្វើខ្ជះខ្ជាយបាននោះទេ។ បើមិនគ្រាន់ក៏កូនសម្ដេច ឬក៏អ្នកដទៃចូលរួមបានដែរ ប៉ុន្តែសម្ដេចអត់ចាយលុយរដ្ឋ សូម្បីតែមួយសេន ទោះបីកងទ័ពត្រូវប្រើប្រមាណជាចន្លោះពី១៥០០ទៅ ២០០០នាក់ ក៏ត្រូវចេញថវិកាសម្រាប់ឲ្យកងទ័ពផងដែរ៕

To Top