ព័ត៌មានជាតិ

អភិបាលស្រុករំដួល ស្នើរគ្រូពេទ្យ ត្រូវផ្តល់ស្នាមញញឹម ដល់អ្នកជំងឺ និងព្យាបាល ដោយក្រមសីលធម៍ និងវិជ្ជាជីវៈ

ស្វាយរៀង ៖ លោកហែម សុីណា អភិបាលស្រុករំដួល បានថ្លែងស្នើរដល់ក្រុមគ្រូពេទ្យ សូមផ្តល់ស្នាមញញឹម ដល់អ្នកជំងឺ និងព្យាបាល ដោយក្រមសីលធម៍ និងវិជ្ជាជីវៈ ដោយគ្មានការរើសអើង។

ការថ្លែងបែបនេះ របស់អភិបាលស្រុករំដួល បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងបានប្រគេនពរ និងជូនពរព្រះសង្ឃ ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលអាពាធ ជំងឺចំនួន៤០អង្គនាក់ នាព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២២នេះ។

លោកបានថ្លែងនូវការកោត​សរសើរ ​ចំពោះ​សកម្មភាព​ការងារ​ និង​គុណភាព​នៃ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ ​របស់​ក្រុម​គ្រូ​ពេទ្យ​ ដែល​ប្រសិទ្ធ​នាម​ថា​ “ជា​កង​ទ័ព​អាវ​ស​ជួរ​មុខ”​ ដែល​បាន​លះបង់​កម្លាំង​កាយ​ ចិត្ត​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​នឹង​ជំងឺ​ដង្កាត់​ផ្សេង​ៗ​ និង​ជំងឺ​ឆ្លង​សកល​កន្លង​មក ដោយគោរពទៅ តាមក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះដែរ ក្រុមគ្រូពេទ្យយើងបានដាក់វេនប្រចាំការ ដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋ ក៏ដូចជាព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ។

លោកបានបន្តថា មានសុខភាពល្អ អាចធ្វើកិច្ចការងារអ្វីៗបានទាំងអស់ ទាំងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ កាលណាសុខភាពយើង ទ្រុឌទ្រោមការងារអ្វី គឺត្រូវបាត់បង់ ដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ត្រូវការកត្តាពីរសំខាន់គឺ សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ ដែលសុខភាពទាំងពីរនេះ មិនអាចខ្វះមួយណាបាននោះឡើយ ។

លោកបានបញ្ជាក់ថា សេដ្ឋកិច្ចគ្រួសាររីកចម្រើន សង្គមជាតិក៏រីកចម្រើនដែរ ជាក់ស្ដែងនៅក្នុងខេត្តស្វាយរៀងយើងមានវិស័យវិនិយោគបានបណ្ដាក់ទុនរកស៊ី ដោយមានរោងចក្រសហគ្រាស ជាច្រើនកន្លែង អាចស្រូបយកកម្មករនិយោជក ប្រមាណជិត ១០ ម៉ឺននាក់ កំពុងបម្រើការងារនិងទាញ យកសេដ្ឋកិច្ចពីរោងចក្រដោយចំណូល ជាមធ្យមក្នុងមួយខែប្រមាណ ជាង២០លានដុល្លារ ដែលធ្វើឲ្យគ្រួសារនីមួយៗ មានជីវភាពសមរម្យផងដែរ។

ជាមួយគ្នានេះ លោកអភិបាលស្រុកបានថ្លែង​ផ្តាំ​ផ្ញើ​ ដាស់តឿន​​ដល់​ក្រុម​គ្រូ​ពេពេទ្យ ត្រូវ​ចេះ​អភិវឌ្ឍ​សមត្ថភាព​ បច្ចេកទេស​ របស់​ខ្លួន​ឲ្យ​បាន​ជា​ប្រចាំ ត្រូវ​មាន​សុខភាព​ល្អ​មាំមួន​ មាន​ប្រជាប្រិយ​ភាព​ មាន​ចំណេះដឹង​ផ្នែក​IT (ឧស្សាហកម្ម​វេជ្ជ​សាស្ត្រ) ប្រឹងប្រែង​ធ្វើការ​ងារ ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ពិត​ប្រាកដ គិលាន​សង្រ្គោះ​ត្រូវ​ត្រៀម​ប្រតិបត្តិ​ការ​ និង​យាម​ប្រចាំការ​ ២៤​ម៉ោង​/២៤ ម៉ោង​ ។

បន្ថែមលើសពីនេះលោកហែម សុីណា​ ក៏​បាន​គាំទ្រ​ និង​សន្យា​ផ្តល់​ដី​សម្បទាន​របស់​សាលា​ស្រុក​ ជូន​មន្ទីរ​ពេទ្យ​សម្រាប់​កសាង​ឡ​ដុត ​កាក​​សំណល់​វេជ្ជ​សាស្ត្រនិងបាន​ជួយ​ជំរុញ​ និង ​គាំ​ទ្រ​ការ​បញ្ចុះ​តម្លៃ​សេវា ​ហិរញ្ញ​ប្ប​ទាន​របស់​មន្ទីរ​ពេទ្យ ​១០-២០% ដើម្បីចូលរួមអនុវត្តគោល នយោបាយ របស់រាជរដ្ឋាភិបាល ក្នុង ការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋនិងបានចូលរួមលើកកម្ពស់ សុខមាលភាពពលរដ្ឋឲ្យកាន់តែល្អ ប្រសើរថែមទៀត ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអទិភាពមួយក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិផងដែរ៕

To Top