បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអ៊ុយក្រែន លោក Alexey Reznikov បានបញ្ជាក់ថា អង្គភាពដំបូងនៃប្រព័ន្ធការពារ ដែនអាកាស IRIS-T ទំនើបចុងក្រោយ របស់ប្រទេសអាល្លឺម៉ង់ បានដឹកមកដល់ប្រទេសអ៊ុយក្រែន ហើយ។ សមភាគីអាល្លឺម៉ង់ របស់គាត់លោកស្រី Christine Lambrecht បានពណ៌នាការបញ្ជូននេះថា ជាការរួមចំណែកដ៏សំខាន់ ដល់សមត្ថភាព របស់ប្រទេសអឺរ៉ុបខាងកើត ក្នុងការការពារខ្លួនពី “ការបាញ់ផ្លោងមីស៊ីល”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ Twitter កាលពីថ្ងៃពុធ លោក Reznikov បានសរសេរថា “យុគសម័យថ្មីនៃការការពារ ដែនអាកាស បានចាប់ផ្តើមនៅក្នុងប្រទេសអ៊ុយក្រែន ។ ប្រព័ន្ធការពារដែនអាកាស IRIS-Ts មកពីអាល្លឺម៉ង់ នៅទីនេះរួចហើយ។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ក្រុងគៀវត្រូវការអាវុធប្រភេទនេះ បន្ថែមទៀត ដោយលើកហេតុផលថា ការការពារផ្ទៃមេឃលើអ៊ុយក្រែន ប្រឆាំងនឹង “រដ្ឋភេរវករ” របស់រុស្ស៊ីគឺជា “ការចាំបាច់ខាងសីលធម៌” ។
ជាច្រើនម៉ោងក្រោយមក ក្រសួងការពារជាតិ របស់អាល្លឺម៉ង់ បានបង្ហោះសារផ្ទាល់ខ្លួន ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានរក្សាពាក្យសន្យារបស់ខ្លួន ហើយបានប្រកាសថា “ប្រព័ន្ធការពារដែនអាកាស IRIS-T SLM ដំបូងបានមកដល់អ៊ុយក្រែន”៕
ប្រែសម្រួលៈ ណៃ តុលា