ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារសពដែលបានបាត់បង់កូនៗ និងចៅៗ ក្នុងឧប្បទ្ទវហេតុ លិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
យោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ នាថ្ងៃទី១៤ តុលា បានឲ្យដឹងថា «ខ្ញុំសូមចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយបងប្អូនក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លង ដឹកសិស្សានុសិស្ស ចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលឲ្យស្លាប់ ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»។
សម្ដេចតេជោ ក៏បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់ ក្រុមគ្រួសារនៃសពនិងជនរងគ្រោះ ឲ្យបានទាន់ពេលវេលា ដ៏លំបាកបំផុតនេះ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក ការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះបាត់ខ្លួន បានរកឃើញសរុបចំនួន ១២នាក់ ស្លាប់ ៨នាក់ ក្នុងនោះនៅសល់ចំនួន ៣នាក់ទៀត៕