ព័ត៌មានអន្តរជាតិ

ជប៉ុន ព្រមាន​ថា កូរ៉េ​ខាង​ជើង អាច​នឹង​បញ្ចប់​ការ​ត្រៀម​ខ្លួន ​សាកល្បង​នុយក្លេអ៊ែរ

តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានព្រមានថា ប្រទេសកូរ៉េខាងជើង អាចនឹងបានបញ្ចប់ ការត្រៀមលក្ខណៈ សម្រាប់ការសាកល្បង នុយក្លេអ៊ែរលើកទី៧ របស់ខ្លួនរួចជាស្រេច ខណៈដែលកំពុងធ្វើការសាកល្បងមីស៊ីល ដែលបានចាប់ផ្តើម នៅដើមឆ្នាំនេះ។

លោក Hamada ក៏បានឲ្យដឹងក្នុងអំឡុងសម័យប្រជុំសភាថា បច្ចេកវិទ្យាសព្វាវុធរបស់ទីក្រុងព្យុងយ៉ាង បានអភិវឌ្ឍ “ក្នុងល្បឿនលឿន” ដោយទទួលស្គាល់ថា វាបានក្លាយទៅជា “ពិបាកស្ទាក់ចាប់” មីស៊ីល ដែលកូរ៉េខាងជើងបាញ់។

លោកបានសម្តែងការប្រុងប្រយ័ត្នថា ទីក្រុងព្យុងយ៉ាង អាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ លើកដំបូងរបស់ខ្លួន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មក នៅអនាគតមិនឆ្ងាយប៉ុន្មាននោះទេ ដោយសារវឌ្ឍនភាព នៃការងារជួសជុលនៅកន្លែង សាកល្បងនុយក្លេអ៊ែរ ដែលគេស្គាល់តែមួយគត់របស់ប្រទេស គឺនៅ Punggye-ri ភាគឦសានរបស់ប្រទេស ។

កូរ៉េខាងជើង បានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងមីស៊ីលផ្លោងនាពេលថ្មីៗនេះ ដែលជាការហោះហើរលើកដំបូងលើប្រជុំកោះជប៉ុនក្នុងរយៈពេល ៥ឆ្នាំ។ ក្រុង​ព្យុងយ៉ាង​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ប្រើ​បច្ចេកវិទ្យាផ្លោង​និង​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ក្រោម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។

ការបាញ់បង្ហោះកាលពីសប្តាហ៍មុន នៃមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ហោះហើរបានចម្ងាយប្រហែល ៤៦០០គីឡូម៉ែត្រ បានជំរុញឱ្យមានការភ័យខ្លាចថាកូរ៉េខាងជើង អាចចូលរួមក្នុងការបង្កហេតុខាង យោធាបន្ថែមទៀត។

នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ របស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់ សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ពីរដោយផ្ទាល់នៅថ្ងៃមុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top