ព័ត៌មានអន្តរជាតិ

សមាជបក្សកុម្មុយនីស្តលើកទី២០ ជាការចាប់ផ្តើមថ្មីនៃដំណើរតស៊ូ ឆ្ពោះទៅមុខ របស់ប្រទេសចិន ក្នុងការសម្រេច «គោលដៅតស៊ូមួយរយឆ្នាំ» ទី២

    បក្សកុម្មុយនីស្តចិន ដែលជាគណបក្សនយោបាយធំបំផុតនៅលើពិភពលោកដែលមានសមាជិក-សមាជិកាជាង ៩៦ លាននាក់បានបើកធ្វើសមាជបក្សលើកទី ២០ របស់ខ្លួននៅថ្ងៃទី ១៦ ខែតុលានេះ ដើម្បីបូកសរុបការងាររយៈពេល ៥ ឆ្នាំកន្លងទៅ និងដាក់ចេញទិសដៅការងារសម្រាប់អនាគត ។

    ថ្លែងក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ លោក ស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិនបានលើកឡើងថា ចាប់ពីសមាជលើកនេះតទៅ ភារកិច្ចសំខាន់នៃបក្សនិងរដ្ឋចិនគឺផ្តោតលើការខិតខំសម្រេច«គោលដៅតស៊ូមួយរយឆ្នាំ»ទី២ របស់ខ្លួន ពោលគឺឆ្ពោះទៅរកការសម្រេចបាននូវការកសាងប្រទេសសង្គមនិយមទំនើបដែលប្រកបដោយភាពសម្បូរសប្បាយនិងខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ស្អាត ដើម្បីស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។

   ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយក្នុងរបាយការណ៍ការងារនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ដែលថ្លែងដោយលោក ស៊ី ជីនភីង គឺការលើកឡើងថា ក្នុងដំណើរថ្មីនៃការខិតខំសម្រេច«គោលដៅតស៊ូមួយរយឆ្នាំ»ទី២ ប្រទេសចិននឹងផ្តោតលើការធ្វើទំនើបកម្មតាមបែបផែនចិន ដែលមានការរួមបញ្ចូលទាំងបទពិសោធនៃការធ្វើទំនើបកម្មនៃបណ្តាប្រទេសជាមួយនិងការធ្វើទំនើបកម្មដែលមានលក្ខណៈពិសេសរបស់ចិន ។ 

   តាមការបកស្រាយរបស់លោក ស៊ី ជីនភីង ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាសង្គមនិយមទំនើបដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនដែលមានលក្ខណៈពិសេសនៃការរួមបញ្ចូលនូវបទពិសោធធ្វើទំនើបកម្មនៃបណ្តាប្រទេស ជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន ។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ។

អ្វីដែលគួររំលឹកគឺ បន្ទាប់ពីដាក់ចេញ«គោលដៅតស៊ូមួយរយឆ្នាំទាំងពីរ»នៅក្នុងសមាជបក្សលើកទី ១៥ មក ការងារសំខាន់របស់បក្សកុម្មុយនីស្តចិនបានផ្តោតលើគោលដៅទាំងពីរនេះ ដើម្បីសម្រេចការកសាងប្រទេសសង្គមនិយមទំនើបនិងស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដែលជាគោលដៅធំនិងវែងឆ្ងាយ ។

    ពិសេសចាប់តាំងពីសមាជបក្សកុម្មុយនីស្តលើកទី ១៨ មក ការខិតខំសម្រេច«គោលដៅមួយរយឆ្នាំ»ទី១ បានត្រូវតម្កល់ជាកិច្ចការអាទិភាពរបស់បក្សនិងរដ្ឋចិន ។ ក្នុងឱកាសខួបមួយរយឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន «គោលដៅមួយរយឆ្នាំ»ទី១ ស្តីពីការលុបបំបាត់ភាពក្រីក្រទាំងស្រុងត្រូវបានសម្រេចដោយជោគជ័យ ។ ប្រជាជនស្ថិតក្រោមបន្ទាត់ក្រីក្ររបស់ប្រទេសចិននាពេលបច្ចុប្បន្នសរុប ៩៨,៩៩ លាននាក់នៅស្រុកក្រីក្រចំនួន ៨៣២ បានចេញផុតពីភាពក្រីក្រទាំងអស់ ដែលបង្កើតជា«អច្ឆរិយ»មួយក្នុងប្រវត្តិសាស្ត្រកាត់បន្ថយនិងលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិននិងពិភពលោក ។
   បន្ទាប់ពីការជួយឱ្យប្រជាជនក្រីក្រចេញផុតពីភាពក្រីក្រ ការថែរក្សានិងពង្រឹងសមិទ្ធផលនៃការកាត់បន្ថយនិងលុបបំបាត់ភាពក្រីក្រជាការងារដែលមិនអាចខ្វះបាន ក្នុងនោះ យុទ្ធសាស្ត្រស្តារនិងអភិវឌ្ឍន៍ជនបទបានត្រូវដាក់ចេញដើម្បីបង្ការកុំឱ្យពលរដ្ឋក្រីក្រធ្លាក់ខ្លួនចូលភាពក្រីក្រវិញ ពិសេសគឺការជួយឱ្យប្រជាជនក្រីក្រទាំងអស់មានជីវភាពរស់នៅធូរធារបង្គួរ រហូតដល់ឈានទៅរកភាពសម្បូរសប្បាយដែលជាវិបុលភាពរួមនៃប្រជាជនទូទាំងប្រទេស ។
   យុទ្ធនាការលុបបំបាត់ភាពក្រីក្រដ៏ជោគជ័យរបស់ប្រទេសចិនបានក្លាយជាបទពិសោធដ៏មានតម្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍យកទៅសិក្សា ។ អង្គការសហប្រជាជាតិក៏បានចាត់ទុកបុព្វហេតុលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិនជាការរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្ររបស់ពិភពលោក និងជាពន្លឹដែលបំភ្លឺក្តីសង្ឃឹមរបស់ប្រទេសកំពុងអភិវឌ្ឍន៍នានាក្នុងការពុះពារឧបសគ្គទាំងឡាយ ដើម្បីឈានដល់ការម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ ព្រោះថាមានប្រទេសចិនជាគំរូនៃការ«ធ្វើបាន» ហេតុនេះ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក៏នឹងអាចធ្វើបានតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួននិងការជួយគាំទ្រនិងចែករំលែកបទពិសោធពីប្រទេសចិន ។
   យុទ្ធសាស្ត្របើកទូលាយដោយមា្ចស់ការរបស់ប្រទេសចិនក្រោមការរួមគ្នាកសាងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានធ្វើឱ្យប្រទេសនិងតំបន់ជាង ១៤០ លើពិភពលោកក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសចិន ដែលបាននាំមកនូវផលប្រយោជន៍រួមនិងកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីសម្រាប់ពិភពលោកទាំងមូល ។
    ថ្នាក់ដឹកនាំចិនបានលើកឡើងជាច្រើនលើកច្រើនសាថា ការអភវិឌ្ឍរបស់ប្រទេសចិនជាការអភិវឌ្ឍរបស់ពិភពលោក ។ ជាក់ស្តែង ប្រទេសជាដៃគូពាណិជ្ជកម្មរបស់ចិន ពិសេសប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួចបានទទួលសមិទ្ធផលយ៉ាងធំធេងក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីឬពហុភាគីជាមួយប្រទេសចិន ។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងកម្ពុជាបានត្រូវពង្រឹងនិងពង្រីកថែមទៀត ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសកសិផលស្រស់របស់កម្ពុជាកាន់តែច្រើនឡើងៗ ត្រូវបានអនុញ្ញាតឱ្យចូលទីផ្សារចិន ។ ទោះស្ថិតក្នុងបរិបទកូវីដក្តី តែសមិទ្ធផលនានា ដែលជាគម្រោងជំនួយរបស់ចិន បានលេចចេញជារូបរាងជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ។ បច្ចុប្បន្ន ប្រទេសទាំងពីរកម្ពុជានិងចិនបា ននិងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ដែលធ្វើឱ្យចំណងមិត្តភាពដែកថែប រឹតតែរឹងមាំថែមទៀត ។

    ប៉ុន្តែ ស្របនឹងការអភិវឌ្ឍរបស់ប្រទេសចិន បស្ចិមប្រទេសមួយចំនួនតូចបែរជាបានចាត់ទុកថាជា«ការគំរាមកំហែង»ទៅវិញ ដែលជារឿងដ៏ហួសចិត្តនិងគួរឱ្យអស់សំណើច ។ ដូចអ្វីដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសចិនបានសន្យាម្តងហើយម្តងទៀតថា មិនថាប្រទេសចិនមានការអភិវឌ្ឍដល់កម្រិតណា ក៏ប្រទេសចិននឹងប្រកាន់ខ្ជាប់ជានិច្ចនូវពហុភាគីនិយម ហើយដាច់ខានមិនធ្វើអនុត្តរភាព និងមិនវាតទីជារៀងរហូត ទាំងនេះបានសបង្ហាញពីភាពស្មោះត្រង់របស់ប្រទេសចិនដែលរីករាយក្នុងការចែករំលែកសមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួនជាមួយពិភពលោក រីករាយចងមិត្តជាមួយប្រជាជនគ្រប់ជនសាសន៍ ដើម្បីរួមគ្នាកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ពិសេសកសាងពិភពលោកមួយដែលប្រកបដោយសុខដុមនីយកម្ម សាមគ្គីភាព ភាតរភាព និងសុខសន្តិភាព ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top