ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើង ២នាក់​ បើកការបាញ់ប្រហារ លើក្រុមអ្នកស្ម័គ្រចិត្ដ ចូលប្រយុទ្ធនៅអ៊ុយក្រែន បណ្ដាលឲ្យស្លាប់ និង របួសជាង ២០នាក់

បរទេស ៖ យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និង ១៥នាក់ទៀត រងរបួសនៅឯកន្លែងហ្វឹកហ្វឺនយោធា រុស្ស៊ី កាលពីថ្ងៃសៅរ៍ នៅពេលដែលអ្នក វាយប្រហារពីរគ្រឿង បានបើកការបាញ់ប្រហារ ទៅលើក្រុមអ្នកស្ម័គ្រចិត្ត ដែលមានបំណងចង់ចូល ប្រយុទ្ធនៅអ៊ុយក្រែន។

យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា អ្នកវាយប្រហារពីរនាក់ ត្រូវបានបាញ់សម្លាប់បន្ទាប់ពីការវាយប្រហារ នៅក្នុងតំបន់ Belgorod ភាគនិរតី ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសអ៊ុយក្រែន ។

របាយការណ៍​បាន​ឲ្យដឹងថា ជន​សង្ស័យ​ដែល​ស្លាប់ ​មាន​សញ្ជាតិ ​មក​ពី​អតីត​សាធារណរដ្ឋ​សូវៀត ប៉ុន្តែ​មិន​មាន​ព័ត៌មាន​លម្អិត ​បន្ថែម​ទៀត​នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

ប្រភព បានដកស្រង់ សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិថា “ក្នុងអំឡុងពេលវគ្គហ្វឹកហ្វឺន អាវុធជាមួយបុគ្គល ដែលស្ម័គ្រចិត្តចង់ចូលរួម ក្នុងប្រតិបត្តិការ យោធាពិសេស ប្រឆាំងនឹងអ៊ុយក្រែន ភេរវករបាន បើកការបាញ់ប្រហារ ដោយអាវុធតូចៗលើបុគ្គលិកនៃអង្គភាព” ។

អាជ្ញាធរនៅទីក្រុង Belgorod បានចោទប្រកាន់អ៊ុយក្រែន ម្តងហើយម្តងទៀតថា បានវាយប្រហារគោលដៅនៅក្នុងទីក្រុង រួមទាំងបណ្តាញអគ្គិសនី និងហាងលក់ប្រេងឥន្ធនៈ និងគ្រាប់រំសេវ ប៉ុន្ដែ អ៊ុយក្រែន​ មិន​បាន​អះអាង​ពីទទួល​ខុស​ត្រូវ​នោះទេ ។

ការបាញ់ប្រហារនេះ កើតឡើង ចំពេលដែលមានការចល័តទ័ពយ៉ាងប្រញាប់ប្រញាល់ ដែលបញ្ជាដោយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យពង្រឹងកងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ដែលជាទង្វើដែលបង្កឱ្យមានការតវ៉ា និងបណ្តាលឱ្យមនុស្សរាប់សែននាក់ ភៀសខ្លួនចេញពីប្រទេសរុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top