បរទេស៖ សមយុទ្ធរបស់អង្គការណាតូ ដែលស្វែង រកការកែលម្អសមត្ថភាព រារាំងរបស់សម្ព័ន្ធភាព ដែលពាក់ព័ន្ធនឹង យន្តហោះចម្បាំងយុទ្ធសាស្ត្រ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ ចាប់ផ្តើមនៅថ្ងៃចន្ទ ចំពេលមានភាពតានតឹង កាន់តែខ្លាំងជាមួយរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធ ‘Steadfast Noon’ នឹងបន្តរហូតដល់ថ្ងៃទី ៣០ ខែតុលា ហើយនឹងប្រព្រឹត្ត ទៅលើប្រទេសបែលហ្សិក សមុទ្រខាងជើង និងចក្រភពអង់គ្លេស ។ អង្គការណាតូបានពណ៌នា សមយុទ្ធនេះថា ជា “ទម្លាប់” និង “មិនជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពិភពលោក បច្ចុប្បន្នណាមួយឡើយ” ខណៈពេលដែលទទូចថា នឹងមិនប្រើប្រាស់ អាវុធបាញ់គ្រាប់ពិតឡើយ។
ជាសរុបប្រទេសចំនួន ១៤ និងយន្តហោះចំនួន ៦០ នៃប្រភេទផ្សេងៗគ្នា នឹងចូលរួមនៅក្នុងសមយុទ្ធ Steadfast Noon ។ យន្តហោះទាំងនោះរួម មានយន្តហោះចម្បាំងទំនើបៗ យន្តហោះស៊ើបការណ៍ និងនាវាដឹកប្រេង ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពនុយក្លេអ៊ែរ B-52 របស់អាមេរិក ដែលនឹងមកដល់អឺរ៉ុប ពីមូលដ្ឋានទ័ពអាកាស Minot ក្នុងរដ្ឋ North Dakota ។
អ្នកនាំពាក្យអង្គការណាតូ លោក Oana Lungescu បានកត់សម្គាល់ថា “សមយុទ្ធនេះ ជួយធានាថា ការរារាំងនុយក្លេអ៊ែរ របស់សម្ព័ន្ធភាពនៅតែមាន សុវត្ថិភាព សុវត្ថិភាព និងមានប្រសិទ្ធភាព”៕
ប្រែសម្រួលៈ ណៃ តុលា