ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាល ”ជំនាញដឹកនាំស្នូល (កម្រិតទី២)” នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងបេឡាជាតិសន្ដិសុខសង្គម បានចុះអនុស្សរណៈ នៃការយោគយល់គ្នាចំនួន ៣លើកហើយ ដោយបានចាប់ផ្ដើមអនុវត្តការងាររួមគ្នា ចាប់តាំងឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននឹងបន្ដរហូតដល់ឆ្នាំ២០២៤។
លោកអគ្គនាយក ប.ស.ស. បានបន្ដថា៖ កន្លងមកកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មិនត្រឹមតែផ្ដល់ជំនួយក្នុងការរៀបចំ វគ្គបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ពាក់ព័ន្ធចំណេះដឹង និងជំនាញទន់បន្ថែមនោះទេ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក៏បានជួយផ្នែកហិរញ្ញវត្ថុ ក្នុងសកម្មភាពការងារជាច្រើន ក្នុងការអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា តាមរយៈការផ្ដល់ជំនួយក្នុងការបង្កើត Web Application, Mobile Application ព្រមទាំងជំនាញផ្សេងៗជាច្រើនទៀត ដើម្បីអាចឈានទៅរករបត់ នៃបដិវត្តឧស្សាហកម្ម៤.០ ដែលព័ត៌មានវិទ្យាដើរតួយ៉ាង សំខាន់ក្នុងការផ្លាស់ប្ដូររបៀបធ្វើការ និងការរស់នៅផងដែរ។
ក្នុងឱកាសនេះដែរ លោកអគ្គនាយក ប.ស.ស. បានមានប្រសាសន៍បន្ដថា៖ តាមរយៈវគ្គបណ្ដុះបណ្ដាល ”ជំនាញដឹកនាំស្នូល (កម្រិតទី២)” នាពេលនេះ សិក្ខាកាមដែលជាថ្នាក់ដឹកនាំ ប.ស.ស. ទាំងអស់នឹងទទួលបាន បទពិសោធន៍ពិតៗពីវាគ្មិន ដែលធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ល្អៗ ដើម្បីយកមកបំពេញសមត្ថភាពការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមតួនាទី និងភារកិច្ច ព្រមទាំងអភិវឌ្ឍន៍ខ្លួន រៀបចំផ្នត់គំនិតការងារ ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន និងស្ថាប័ន តាមរយៈទស្សនទាននៃភាពជាអ្នកដឹកនាំ ក្នុងប្រធានបទសំខាន់ៗដូចជា៖ សារសំខាន់ ធាតុស្នូល និងបែបបទនៃការដឹកនាំ, តួនាទី និងសិទ្ធិអំណាចអ្នកដឹកនាំ, របៀបគ្រប់គ្រង ដឹកនាំ និងការកសាងជំនឿទុកចិត្ត, ការរៀបចំផែនការ ការចាត់ចែង និងការត្រួតពិនិត្យលើការងារ, ការធ្វើប្រតិភូកម្មការងារ ប្រកបដោយប្រសិទ្ធភាព និងការបណ្ដុះឆន្ទៈ ព្រមទាំងការលើកទឹកចិត្តបុគ្គលិក។
ជាមួយគ្នានេះ លោកអគ្គនាយក ប.ស.ស. បានបង្ហាញភាពរីករាយ និងពេញចិត្តចំពោះកិច្ចសហការអនុវត្ត គម្រោងនានារបស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងបានថ្លែងអំណរគុណ ដល់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលតែងតែផ្តល់ការគាំទ្រ ទាំងហិរញ្ញវត្ថុ និងជំនាញបច្ចេកទេស ដល់ ប.ស.ស. ដើម្បីបង្កើនសមត្ថភាពរាល់សកម្មភាព ដែលជំរុញឱ្យមានការអភិវឌ្ឍខ្លួន ព្រមទាំងស្ថាប័ន ក្នុងការអនុវត្តប្រព័ន្ធសន្ដិសុខសង្គម ឱ្យបានកាន់តែរីកចម្រើន និងសម្រេចបាន ភាពជោគជ័យបន្ថែមទៀត។
លោកអគ្គនាយក ប.ស.ស. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិន និងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួមក្នុងការបណ្ដុះបណ្ដាល នាពេលនេះ និងបានផ្ដាំផ្ញើឱ្យសិក្ខាកាម ទាំងអស់ចូលរួមសួរដេញដោល ឱ្យបានផុលផុសបំផុត ដើម្បីក្រេបយកចំណេះដឹងឱ្យច្រើន ហើយយក ចំណេះដឹងទាំងនោះទៅបម្រើអង្គភាព មាតុភូមិ ដើម្បីអភិវឌ្ឍន៍ឱ្យឈានឡើង មួយកម្រិតថែមទៀត។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២ រៀបចំឡើងក្រោមជំនួយឧបត្ថម្ភ ពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលមានសមាសភាពចូលរួម ពីថ្នាក់ដឹកនាំ ប.ស.ស. សរុបប្រមាណជាង ៣០រូប នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ៕