ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ជំងឺកូវីដ-១៩ មិនទាន់បានចេញឆ្ងាយនៅឡើយទេ ទោះបីជាមានបញ្ហានេះក្ដីតែមិនគួរទុកប្រជាពលរដ្ឋ ចោលនោះទេ។
ថ្លែងក្នុងឱកាស អញ្ជើញចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង៥ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែតុលា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «បើគ្រាន់តែខ្លាចកូវីដ ហើយមិនហ៊ានចុះជួបពលរដ្ឋនោះ មិនសាកសមជាថ្នាក់ដឹកនាំរដ្ឋ នោះទេ»។
ក្នុងឱកាសនោះ សម្ដេចក៏បានថ្លែងកោតសរសើរ ដល់អាជ្ញាធរមានសមត្ថកិច្ច របស់កម្ពុជា ដែលគោរពនូវតួនាទី និងបានចុះជួយពលរដ្ឋទាំងក្នុងពេល មានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តើពេលកូវីដអ្នកណានៅជាមួយបងប្អូនប្រជាពលរដ្ឋ? គឺមានតែគណបក្សប្រជាជនទេ ដែលនៅជាមួយបងប្អូនប្រជាពលរដ្ឋ។
សម្តេចតេជោបានសង្កេតឃើញថា ពលរដ្ឋភាគច្រើនទម្លាប់ពាក់ម៉ាស តែក៏មានពលរដ្ឋខ្លះមិនពាក់ម៉ាស់ផងដែរ។ តែយ៉ាងណាសម្តេចលើកទឹកចិត្តឱ្យពលរដ្ឋបន្តពាក់ម៉ាស់ និងអនុវត្តតាមវិធានការសុខាភិបាល៣កុំ និង៣ការពារ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែតុលា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៧ ៩៧៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៣៤ ៨៨៣ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕