ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីអំពាវនាវ ពលរដ្ឋ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ខណៈវ៉ាក់សាំងមិនសម្លាប់មនុស្សឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈវ៉ាក់សាំងមិនសម្លាប់ប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញវ៉ាក់សាំងបានជួយការពារមិនឱ្យឆ្លងជំងឺកូវីដហើយបើឆ្លងក៏មិនធ្ងន់ធ្ងរ។

នាឱកាសអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថ្ងៃនេះ ប្រទេសកម្ពុជា បន្ដមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ឡើយ ខណៈគិតមកដល់ពេលនេះ មានរយៈពេល ៦ថ្ងៃ កម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩។ សម្ដេច សង្ឃឹមថា កម្ពុជា នឹងមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ បន្ដទៀត។

សម្ដេចតេជោបានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរត្រូវបន្ដអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដោយសារជំងឺកូវីដ-១៩ មិនទាន់អស់ឡើយ។
សម្ដេច បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ទទួលវ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា ខ្លះបាន ២ដូស ឬ ៣ដូស ជាដើម ដូច្នេះវ៉ាក់សាំងមិនខ្វះឡើយ។ សម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា។

សម្ដេចតេជោ បញ្ជាក់ថា «ប្រាប់តៗគ្នាទៅ វ៉ាក់សាំងមិនសម្លាប់យើងទេ។ ប៉ុន្ដែដោយសារវ៉ាក់សាំងនោះហើយដែលយើងទាំងអស់គ្នា អង្គួយនៅទីនេះជាមួយគ្នា ដោយសារវាមិនឆ្លងបើសិនវាឆ្លងក៏មិននាំភាពធ្ងន់ធ្ងរសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង»។

សម្ដេចតេជោ បន្ដថា ជិត៧ខែហើយ ប្រទេសកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះជាជោគជ័យធំណាស់។ សម្ដេច អំពាវនាវដល់ប្រជាពលរដ្ឋបន្ដចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាបន្ដទៀត។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣៧,៩៧៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១៣៤,៩០៨នាក់ និងស្លាប់ចំនួន ៣,០៥៦នាក់។

ដោយឡែក គិតត្រឹមថ្ងៃទី២៥ តុលា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២១៣,៦៦៣នាក់៕

To Top