បរទេស៖ អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្សីកំពុងតែធ្វើពង្រឹងនិងបង្កើនក្បាលគ្រាប់ និងអាវុធរបស់ខ្លួនជាច្រើនទៀត បូករួមទាំងរថក្រោះ មីស៊ីល ដ្រូន និងគ្រាប់កាំភ្លើងគ្រប់ធុនផងដែរ។
សេចក្តីថ្លែងការណ៍របស់គាត់បានធ្វើឡើង បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅទស្សនកិច្ចសិក្សា ជាមួយនឹងរោងចក្រផលិតអាវុធ និងធំជាងគេបំផុតមួយរបស់ប្រទេសរុស្សី និងក៏ជារោងចក្រផលិតរថក្រោះរបស់រុស្សីផងដែរគឺ Uralvagonzavod។
លោក Medvedev ដែលបច្ចុប្បន្នកំពុងបម្រើការងារ ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្សីផងនោះ បានបង្ហោះវិដេអូមួយនៅលើបណ្តាញសង្គម Telegram របស់គាត់ដោយមានទាំងការបង្ហាញ នូវសង្វាក់ផលិតកម្មនៃរថក្រោះទំនើបចុងក្រោយដូចជា T-72B3 និង T-90M ផងដែរ។
មន្ត្រីជាន់ខ្ពស់រូបនេះ បាននិយាយការបង្ហោះវិដេអូនិងការថ្លែងការណ៍នេះ ធ្វើឡើងដោយសាររូបលោកផ្ទាល់ បានឃើញនិងអាននូវសារព័ត៌មានបរទេស នៅលោកខាងលិចជាច្រើន នៅតែបន្តព្យាករណ៍ថា៖ រុស្សីឆាប់ៗនេះនឹងអាចឈានទៅដល់ ការខ្វះខាតអាវុធ ចេញពីក្នុងស្តុករបស់ខ្លួនជាមិនខាន ក្នុងការប្រតិបត្តិការយោធាប្រឆាំង ទៅនឹងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី