ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ ជូនសិក្ខាកាមប្រមាណជាង២០០នាក់ ដែលបានបញ្ចប់ការសិក្សា នៅវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នាឱកាសនោះ លោកបណ្ឌិតបានផ្ដាំផ្ញើទៅកាន់សិក្ខាកាម ដែលទើបបញ្ចប់ការសិក្សាថ្មីនោះ នូវទិសស្លោកសំខាន់មួយថា «ចូលដើម្បីរៀន ចេញដើម្បីបម្រើ»។ ពាក្យស្លោកនេះ លោកចង់បានន័យថា ប្រសិនបើដាក់ខ្លួនចូលរៀនហើយ គឺត្រូវតែខិតខំសិក្សារៀនសូត្រ ឈ្វេងយល់ និងស្វែងយល់នូវចំណេះជំនាញ ដែលខ្លួនរៀននោះឱ្យបានជាក់ច្បាស់ប្រាកដ ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវនៅពេលទៅប្រកបការងារ ឬមុខរបររបស់ខ្លួន។ នោះពេលរៀនចប់ ហើយចេញទៅប្រកបការងារ និងមុខរបរនានា គឺត្រូវតែមានភាពសុចរិត គោរពច្បាប់ ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោក ឡី សុភាព បានលើកឡើងពីគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈហៅកាត់ TVET និងគោលនយោបាយជាតិ សម្រាប់ការសិក្សាពេញមួយជីវិត។ លោកក៏បានលើកទឹកចិត្ត ដល់សិក្ខាកាមត្រូវខិតខំអភិវឌ្ឍជំនាញរបស់ខ្លួន «មនុស្សម្នាក់ ជំនាញមួយ» ដើម្បីពង្រីកជីវភាពរស់នៅ និងជួយកសាងកម្លាំងអភិវឌ្ឍជាតិផងដែរ។
លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាចំណេះដឹងគ្រឹះមួយដែលមិនអាចខ្វះបាន។ វិញ្ញាបនបត្រវិជ្ជាជីវៈនាពេលនេះ មានតម្លៃអាចយកទៅបញ្ជាក់បាននៅគ្រប់កន្លែងទាំងអស់។ នេះជាចំណុចមួយដែលរាជរដ្ឋាភិបាលបានលើកទឹកចិត្តនូវគោលនយោបាយជាតិសម្រាប់ការសិក្សាពេញមួយជីវិត។
លោកបានអំពាវនាវ ដល់សិក្ខាកាមដែលថ្ងៃក្រោយ អាចក្លាយជាធុរកិច្ចជន ពាណិជ្ជករ អាជីវករ គឺត្រូវប្រកាន់ខ្ជាប់នូវត្រឹមត្រូវច្បាស់លាស់ និងមានចំណេះជំនាញវិជ្ជាជីវៈ ជាពិសេសក្រមសីលធម៌ ដើម្បីមុខរបរ ការងារអាចរីកចម្រើនទៅបាន។
លោក ឡី សុភាព ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងជាង២០០នាក់នោះថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវមើលមនុស្សឱ្យបានត្រឹមត្រូវ ហើយត្រូវជ្រើសរើសមនុស្ស ដោយប្រើគន្លឹះ៤ និងគន្លឹះ៣ ដែលសំដៅដល់មនុស្សដែលមានឆន្ទៈ វីរិយៈ ចិត្តៈនិងវិមង្សា ខណៈគន្លឹះ៣សំដៅដល់សច្ចៈ ខន្តី និងកត្តញ្ញូតា ជាពិសេសត្រូវមានព្រហ្មវិហាធម៌ក្នុងខ្លួនជាចាំបាច់ គឺមេត្តាករុណា មុទិតា និងឧបេក្ខា។
លោកនាយកវិទ្យាស្ថានបានណែនាំឱ្យសិក្ខាកាមទាំងឡាយត្រូវចេះចងជារចនាសម្ពន្ធ និងត្រូវជួយគ្នាទៅវិញទៅមកដើម្បីការរីកចម្រើនក្នុងអាជីវកម្ម និងការងារទាំងអស់គ្នា៕