បរទេស៖ លោក Umaro Mokhtar Sissoco Embalo ប្រធានាធិបតីប្រទេស Guinea-Bissau បានអះអាងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន Vladimir Putin បានស្នើឱ្យលោកបញ្ជូន “សារ” ទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky អំពីសារៈសំខាន់នៃ “ការសន្ទនាដោយផ្ទាល់” រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ លោក Embalo បានបញ្ចេញឱ្យដឹងនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Zelensky ក្នុងទីក្រុងគៀវ មួយថ្ងៃបន្ទាប់ពីជំនួប របស់លោកជាមួយលោកពូទីន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Embalo ថា “ប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ កាលពីម្សិលមិញខ្ញុំបាននៅប្រទេសរុស្ស៊ីជាមួយប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដែលបានសុំឱ្យខ្ញុំផ្តល់សារមួយដើម្បីនិយាយជាមួយអ្នកដោយពិចារណាថា ការសន្ទនាដោយផ្ទាល់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សកម្មភាពរួមគ្នានាពេលអនាគតរបស់យើង” ។
វីដេអូនៃសន្និសីទសារព័ត៌មានមួយត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញ Telegram របស់លោក Zelensky ជាមួយនឹងសុន្ទរកថារបស់ Embalo បានបកប្រែជាភាសាអ៊ុយក្រែន។
ប្រធានាធិបតីប្រទេស Guinea-Bissau ក៏បានបង្ហាញដែរថា លោកបានមើលឃើញខ្លួនលោកថាជា “អ្នកទទួលនូវកម្លាំងជំរុញជាក់លាក់” ដោយរួមចំណែកដល់ការស្តារទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន។
មុនពេលជួបជាមួយលោក Zelensky លោក Embalo បានប្រាប់អ្នកសារព័ត៌មានថា លោកបានរកឃើញថា លោក វ្លាឌីមៀរ ពូទីន «បើកចិត្តទូលាយក្នុងការចរចាជាមួយប្រធានាធិបតី Zelensky» ហើយថា លោកកំពុងទន្ទឹងរង់ចាំ “បង្ហាញឆន្ទៈ” ទៅកាន់មេដឹកនាំអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា