ព័ត៌មានជាតិ

ប្រធានគណបក្សភ្លើងទៀន​ សង្កាត់បឹងកេងកងទី១ ថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ អ្នកស្រី កែប សុជាតិតា ចៅសង្កាត់រងទី២ សង្កាត់បឹងកេងកងទី១ និងជាប្រធានគណបក្សភ្លើងទៀនសង្កាត់បឹងកេងកងទី១ បានចេញសេចក្តីថ្លែងការណ៍ ព្រមជាមួយវីដេអូថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាត ចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀត ចំពោះព្រះចេស្តា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីថ្លែងការណ៍​របស់អ្នកស្រី ចៅសង្កាត់រងទី២ មានខ្លឹមសារដូចតទៅ “ការប្រើប្រាស់ពាក្យអសុរស មកលើអង្គព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឲ្យឃើញសារជាថ្មីម្តងទៀត អំពីសារជាតិជាជនក្បត់ជាតិ៣ជំនាន់ ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគគ្លើនធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរ គ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តមជាទីបំផុត ក្នុងឋានៈទ្រង់ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះមាត្រា៧ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេសដែលនេះ គឺជាសារធាតុដ៏ពិសពុល ប្រកបដោយភាពទុច្ចរិត របស់ជនក្បត់ជាតិ៣ជំនាន់ ដែលមិនអាចលើកលែងបានឡើយ ៕

To Top