បរទេស៖ យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ស្ត្រីម្នាក់នៅក្នុងខេត្ត Jambi របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានសម្លាប់ និងលេបទាំងមូល ដោយពស់ថ្លាន់មួយក្បាលប្រវែង ៥ម៉ែត្រ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ស្រ្តីខាងលើឈ្មោះ Jahrah ជាជាងជៀរកៅស៊ូម្នាក់ត្រូវបានគេរាយការណ៍ថា ក្នុងវ័យ ៥០ ឆ្នាំ បានធ្វើដំណើរទៅធ្វើការនៅចម្ការកៅស៊ូកាលពីព្រឹកថ្ងៃអាទិត្យ។
ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីបាត់ មិនឃើញបានត្រឡប់មកវិញ នៅពេលយប់នោះ ហើយក្រុមស្វែងរកបានស្វែងរក។ មួយថ្ងៃក្រោយមក អ្នកភូមិបានរកឃើញពស់ថ្លាន់មួយក្បាល ដែលមានពោះធំ។
ក្រោយមក អ្នកស្រុកបានសម្លាប់ពស់នោះ ហើយរកឃើញសាកសពនាងនៅខាងក្នុង។
មេប៉ូលីស Betara Jambi AKP S Harefa បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ជនរងគ្រោះត្រូវបានគេរកឃើញនៅក្នុងពោះរបស់ពស់ថ្លាន់” ដោយបន្ថែមថា រាងកាយរបស់ស្រី្តខាងលើ ហាក់ដូចជានៅដដែលនៅពេលដែលវា ត្រូវបានគេរកឃើញ។
គាត់បាននិយាយថា ប្តីរបស់ជនរងគ្រោះកាលពីយប់ថ្ងៃអាទិត្យ បានរកឃើញសម្លៀកបំពាក់ និងឧបករណ៍មួយចំនួន ដែលប្រពន្ធបានប្រើនៅចម្ការកៅស៊ូ ទើបនាំគាត់ទៅហៅក្រុមស្រាវជ្រាវ។
បន្ទាប់ពីពស់ដែលមានប្រវែងយ៉ាងតិច ៥ម៉ែត្រ ត្រូវបានគេប្រទះឃើញកាលពីថ្ងៃច័ន្ទ អ្នកភូមិបានចាប់ និងសម្លាប់ពស់នោះដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះ៕ ប្រែសម្រួលៈ ណៃ តុលា