ព័ត៌មានជាតិ

ម្ចាស់រថយន្ត បើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យា

ភ្នំពេញ ៖ កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឲ្យដឹងថា ម្ចាស់រថយន្តម៉ាក Toyota Prius បើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យាហើយ។

យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឲ្យដឹងថា «ករណី ម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ»។

បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន៤ពិន្ទុ លើ២ករណី រួមមាន៖ ទី១-បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ និងទី២-បណ្ណបើកបរផុតសុពលភាព។

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរឲ្យបានម៉ឺងម៉ាត់ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕

To Top