ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយអនុប្រធាន និងសហការី កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានចូលរួមកម្មវិធីសំណេះសំណាល ជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន រ៉ូតាខ្សាច់កណ្តាល ដែលត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលមានវត្តមានចូលរួមសរុប ៣១៦ នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត បានណែនាំ និងផ្តាំផ្ញើដល់ប្អូនៗ សិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ និងត្រៀមលក្ខណៈសម្បត្តិ សម្រាប់ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ គឺជាប់ឱ្យបានច្រើន តាមទិសស្លោក “អ្នកចេះគឺជាប់” ព្រមទាំងណែនាំប្អូនៗ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ។
ចុងបញ្ចប់ លោកបណ្ឌិត កៅ ថាច បានឧបត្ថម្ភថវិកាមួយចំនួន ដ៏ថ្លៃថ្លារបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូន ដល់លោកគ្រូអ្នកគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុន សែន រ៉ូតា, ជូនដល់សិស្សានុសិស្ស និងឧបត្ថម្ភដល់សាលា សម្រាប់ការរៀបចំកម្មវិធីផងដែរ៕