ព័ត៌មានអន្តរជាតិ

មន្រ្តីរុស្ស៊ីព្រមានថា អ៊ុយក្រែន អាចនឹងប្រើមីស៊ីល បំផ្លាញទំនប់វារីអគ្គិសនី នៅតាមដងទន្លេ Dnieper

បរទេស៖ អភិបាលតំបន់ស្តីទី លោក Vladimir Saldo បានប្រកាសកាលពីថ្ងៃចន្ទថា អាជ្ញាធររុស្ស៊ីបានពង្រីកការ ជម្លៀសជនស៊ីវិលពី តំបន់ជួរមុខក្នុងតំបន់ Kherson រួមបញ្ចូលទាំងតំបន់ដែលមានចម្ងាយ ១៥គីឡូម៉ែត្រ នៅលើច្រាំងខាងកើតនៃទន្លេ Dnieper ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាជននឹងត្រូវផ្លាស់ទីលំនៅ ទៅផ្នែកខ្លះនៃតំបន់ Kherson ឆ្ងាយពីជួរមុខ ឬផ្លាស់ទៅតំបន់ផ្សេងទៀតរបស់រុស្ស៊ី។

លោក Saldo បានពន្យល់ថា វិធានការបន្ទាន់នេះនឹង ជួយការពារជនស៊ីវិលពី “វិធីសាស្រ្តហាមឃាត់នៃសង្គ្រាម” របស់ទីក្រុងគៀវ និងហានិភ័យដែលកងទ័ពអ៊ុយក្រែន អាចបាញ់មីស៊ីលនៅទំនប់វារីអគ្គិសនី Kakhovka ដែលស្ថិតនៅផ្នែកខាងលើនៃតំបន់ Kherson ដែលបណ្តាលឱ្យមានទឹកជំនន់។ លោកបានបន្ថែមថា ការជម្លៀសនេះក៏នឹងជួយការពារតំបន់នេះ ឱ្យកាន់តែប្រសើរឡើងពីការវាយលុក របស់អ៊ុយក្រែនពីភាគខាងជើង។

លោក Saldo បានបន្ថែមថា “កងទ័ពរុស្ស៊ីគួរតែអនុវត្តភារកិច្ចរបស់ខ្លួន ដោយមិនបង្កើតការគំរាមកំហែង ដល់ប្រជាជនស៊ីវិល។ អាទិភាពដាច់ខាតរបស់យើង គឺសុវត្ថិភាពរបស់ប្រជាជន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top